ភ្នំពេញ ៖ ឆេះសន្លឹកកុងផ្លាកេរ នៅជាន់ទី៧ ទី៨ ទី៩ និងទី១០ ជាប់គ្នា នៃអគារខុនដូរ ផាកវ៉េ ដែលមានកម្ពស់៣៧ជាន់ មិនទាន់សាងសង់រួច សង្ស័យដោយសារឆ្លងចរន្តអគ្គិសនី កាលពីម៉ោង ១២ និង ៣០នាទី រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចខាងកើតពី ពីអង្គតែនទូរទស្សន៍ជាតិ ប្រមាណ១០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៧៣ (ហៅទំនប់ទួលគោក) ក្រុមទី១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ខុនដូរ ឈ្មោះ សួរ សារិទ្ធិ ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ។
ប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយសារឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆេះ កុងប្លាកកេរ នៃអគារខុនដូរមិនទាន់សាងសង់រួចរហូតដល់ទៅ៤ជាន់ ជាន់ទី៧ ជាន់ទី៨ ជាន់ទី៩ និងជាន់ទី១០យ៉ាងសន្ធោសន្ធៅ ដោយបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីរាយការណ៍ទៅខាង ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីជួយអន្តរាគមន៍ភ្លាមៗ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួល បានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានមបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយា ជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ដើម្បីជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យ បង្ការ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន 10 រថយន្តប្រើប្រាស់ទឹកអស់១ឡាន រថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ១ រថយន្ត មិនបានមប្រើប្រាស់ទឹកនោះទេ។
អគ្គីភ័យបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង ១ រំលងអធ្រាត្រនាថ្ងៃខែឆ្នាំដដែល៕