ខេត្តតាកែវ៖ ពលករខ្មែរម្នាក់ រងរបួសត្រង់ក្បាលធ្ងន់ និងតៃកុងឡានរបួសធ្ងន់ធ្ងរបាក់ដងកំបិត ក្រោយពីជួបគ្រោះថ្នាកចរាចរណ៍ រថយន្តយោធាកងពលលេខ៩៩ ដឹកកម្មករ ៩នាក់មក ពីប្រទេសថៃយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ និងកំពត បានក្រឡាប់ កាលពីម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ឲ្យដឹងថា រថយន្តដឹកកម្មកររបស់កងពលលេខ៩៩ ចេញពីព្រំដែនច្រកអូស្មាច់ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ បានជួបគ្រោះថ្នាក់ ដោយក្រឡាប់ផ្ងាជើង នៅចំនុចខាងជើងស្ពានស្លារគូ ស្ថិតក្នុងបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលបណ្តាលអោយកម្មករ៩ នាក់ ៨នាក់របួសស្រាល ១នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងតៃកុងឡានរងរបួសធ្ងន់បាក់ដងកាំបិត ។
លោកបន្តថា ក្នុងនោះមានកម្មករជាស្ត្រីចំនួន៥ ប្រុស៤ ហើយក្នុងចំណោមពលករទាំង៩នាក់នោះ គឺ៥នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខេត្តកំពត និង៤ យកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោស្នងការ បន្តថា ករណីក្រោះថ្នាក់ក្រឡាប់រថយន្តខាងលើនេះផងដែរ បន្ទាប់ពីរទទួលបានដំណឹងភ្លាម លោកក៏បានចាត់អោយកម្លាំងរបស់លោកចុះ ទៅធ្វើការសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះហើយដែរ៕