ខេត្តកំពង់ស្ពឺ ៖ តាមការអោយដឹងពីឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថា កម្លាំងនគរបាល ស្រុកបរសេដ្ឋ ចុះឃាត់ខ្លួនជនជាតិចិន ចំនួន ៦នាក់ ដែលលួចដើរលេងក្នុងអូរ ត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល ប្រគល់ជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក នៅមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។
ចំពោះការឃាត់ខ្លួនជនជាតិចិន ចំនួន៦នាក់ ខាងលើ បានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយពួកគាត់លួចចេញដើរ ក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ផ្តេសផ្តាសហើយត្រូវ បានប្រជាការពារ ប្រទះឃើញ និងរាយការណ៍ដល់ សមត្ថកិច្ច ចុះឃាត់ខ្លួន ដើម្បីសាកសួរ។ ពេលនេះមន្ត្រីជំនាញ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាក និងនាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវយ៉ាងទទូចដល់គ្រប់បងប្អូន ប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើ ដែលនាំអោយអន្តរាយដល់សង្គម ដល់ប្រទេសដល់គ្រួសារ និង ដល់ខ្លួនឯង។
ឯកឧត្តម វ៉ី សំណាង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ កុំភ្លេចអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវ វិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃការឆ្លងរីករាលដាល នូវជំងឺខូវីដ-១៩ «បីការពារ និងបីកុំ» ៕