រាជធានីភ្នំពេញ៖ ក្រោយមានការបង្ហោះពីលិខិតសុំទោសជាសាធារណៈរបស់មន្រ្ដីនគរបាលចរាចរណ៍ជាស្រ្ដីម្នាក់ ដែលបំប៉ៅកូននោះមក ធ្វើឲ្យប្រជាពលរដ្ឋទូទាំង មានការអាណិតអាសូរយ៉ាងខ្លាំងដល់ស្រ្ដីជាមន្រ្ដីប៉ូលិសរូបនោះ ហើយថែមទាំងស្ដីបន្ទោស និងរិះគន់យ៉ាងខ្លាំងដល់មេប៉ូលិស ដែលបញ្ជាឲ្យគាត់សរសេរលិខិតសុំទោស និងធ្វើកិច្ចសន្យា លើការបំប៉ៅកូន នៅក្នុងម៉ោងធ្វើការ ថាជាមេគ្មាបេះដូង។
ប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកលេងបណ្ដាញសង្គម បានលើកឡើងថា ស្ដ្រីមានការងារជាច្រើន ដែលត្រូវធ្វើ ហើយការងាររបស់គាត់ មានច្រើនជាងបុរស។ នៅពេលមានកូន គាត់ត្រូវមានបន្ទុកកាន់តែធ្ងន់មកលើរូបគាត់បន្ថែមទៀត រួមមាន ការងារនៅតាមក្រសួង ស្ថាប័ន ឬអង្គភាពរបស់គាត់ និងកូនជាទីស្រឡាញ់របស់គាត់។ បើទោះជាគាត់កំពុងជាប់បំពេញភារកិច្ច ឬកាតព្វកិច្ចយ៉ាងណាក៏ដោយ ប៉ុន្ដែស្រ្ដីជាម្ដាយគ្រប់រូប ខណៈឮសម្រែកកូនតូចរបស់គាត់ស្រែកយំទារបោះ ដាច់ខាតគាត់ ត្រូវតែរត់ទៅរកកូនជាទីស្រឡាញ់របស់គាត់ ព្រោះនេះជាទឹកចិត្តដែលផុសចេញពីបេះដូងដ៏ពិតប្រាកដរបស់មាតាគ្រប់រូប។ ករណីបែបនេះមានតែស្រ្ដីគ្រប់រូបទេទើបដឹងច្បាស់ពីជម្រៅ នៃទឹកចិត្តជាម្ដាយ ដែលបុរសគ្រប់រូបមិនបានដឹង ឬយល់ច្បាស់ទាល់តែសោះឡើយ។ ពួកគាត់ដឹងច្បាស់ណាស់ថា កូនជាទីស្រឡាញ់របស់គាត់ ត្រូវការអ្វី ខណៈបុរសមិនបានដឹងថា ខ្លួនត្រូវធ្វើអ្វី ដើម្បីបំពេញការស្រេកឃ្លានរបស់កូន។
ក្រុមបណ្ដាញសង្គម បានបន្ដថា ស្រ្ដីមានទឹកចិត្តធំធេងខ្លាំងណាស់ សម្រាប់កូនដែលមិនអាចកាត់ថ្លៃបាន។ នេះមិនខុសពីពាក្យបុរាណរបស់ខ្មែរយើង ពោលថា «ស៊ូស្លាប់បា កុំឲ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ»។ ដូចករណីប៉ូលិសស្រីខាងលើ ក៏គួរណាស់តែយើងជាមេកើយ មានចិត្តអាណិតអាសូរ មានព្រហ្មវិហារធម៌ទៅលើកូនចៅ ដែលជាស្រ្ដីទន់ខ្សោយ ហើយគាត់មានភារកិច្ច និងកាតព្វកិច្ចជាច្រើន ត្រូវធ្វើ មិនថានៅ ក្នុងម៉ោងធ្វើការ ក្រៅធ្វើការនោះឡើយ។
ក្រុមបណ្ដាញសង្គម បានរិះគន់ចំៗថា បើយើងបញ្ជាឲ្យស្រ្ដីជាប៉ូលិសចរាចរណ៍ម្នាក់នេះ ដែលគ្រាន់តែធ្វើបំបៅកូន នៅក្នុងម៉ោងការងារថា ប៉ះពាល់ដល់កិត្ដិយសមន្រ្ដីនគរបាល តើមានចំណុចត្រង់ណា ដែលធ្វើឲ្យមន្រ្ដីនគរបាល ឬអង្គភាពអាប់ឱនកិត្ដិយស? តើនេះជាអំពើពុករលួយ ឬយ៉ាងណា? ហើយមានច្បាប់ណា មាត្រាណា មានការដាក់ទោសទណ្ឌដល់ស្រ្ដី ដែលបំបោះដោះកូនតូចរបស់ខ្លួន? ករណីបែបនេះ អាចបង្ហាញថា យើងជាមេប៉ូលិស គ្មានការមេត្ដាឬព្រហ្មវិហារធម៌ទៅលើអ្នកក្រោមបង្គាប់ អាចជាមនុស្សយកតែមុខមាត់ សម្រាប់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងតែប៉ុណ្ណោះ។
ជាមួយនឹងការរិះគន់ខាងលើនេះ លោកបណ្ឌិត យ៉ង់ សាំងកុមារ បានសរសេរ នៅលើបណ្ដាញសង្គមរបស់លោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នៃប្រទេសនូវ៉ែលហ្សេឡង់ដ៍ (ឬញូវហ្ស៊ីឡែន) កាលពីឆ្នាំ២០១៨ បាននាំកូនតូចរបស់លោកស្រី ទើបនឹងមានអាយុ៣ខែ ទៅចូលរួមកិច្ចប្រជុំកំពូល នៅក្នុងអង្គការសហប្រជាជាតិ។ ការផ្តល់សេចក្តីស្រឡាញ់ និងផ្តល់ទឹកដោះម្តាយដល់កូន ជាកិច្ចការដ៏សំខាន់របស់ស្រ្ដីជាម្តាយ។
លោកបណ្ឌិត យ៉ង់ សាំងកុមារ បានបន្ដថា ដោយឡែកតែនៅកម្ពុជា បុរសជាមេប៉ូលិសម្នាក់ បានបញ្ជាឲ្យនគរបាលស្រ្តី ជាម្តាយសុំទោស រហូតដល់មានការទទួលខុសត្រូវ នៅចំពោះមុខច្បាប់ បើធ្វើរបៀបនេះបន្ដទៀត។ សម្រាប់ខ្ញុំ យល់ថា បុរសជាមេប៉ូលិសគួរតែសុំទោសស្រ្តីជាមន្រ្ដីប៉ូលិសកូនចៅនោះវិញ។ មានបញ្ហាខ្វះខាតអី ក្នុងនាមជាមេដឹកនាំ គួរតែជួយដល់គាត់ ទើបប្រសើរជាងបញ្ជាឲ្យគាត់ សរសេរលិខិតសុំទោស ជាសាធារណ:របៀបនេះ។
ស្របគ្នានេះដែរ លោក ផែង វណ្ណៈ បានសរសេរ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក (Pheng Vannak News) កាលពីរាត្រី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា ដើម្បីកូនទោះបីម៉ែ ត្រូវមេព្រមាន និងស្ដីបន្ទោស រហូតចាប់បង្ខំឲ្យម៉ែ ធ្វើកិច្ចសន្យា ក៏ម៉ែព្រមដែរ តែម៉ែមិនទុកឲ្យកូនស្លាប់នោះទេ។ តើមាត្រាទីប៉ុន្មាន ដែលមន្ត្រីរាជការជាស្ត្រីមិនអាចបំបោះដោះកូនបាន ខណៈកំពុងបំពេញភារកិច្ច? បើនៅប្រទេសគេវិញ សូម្បីតែសមាជិកសភា ឬនាយករដ្ឋមន្ត្រីជាស្ត្រី ក៏យកកូនមកបំបៅ ខណៈកំពុងបំពេញការងារ និងកំពុងប្រជុំផងដែរ ហើយព័ត៌មានបែបនេះក៏បានផ្សព្វផ្សាយពេញបណ្ដាញសារព័ត៌មានផងដែរ។ ខ្ញុំអាណិតប្អូនស្រីខ្លាំងណាស់ ដែលមានមេ គ្មានបេះដូង។
ដោយឡែក លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានចេញមកពន្យល់ នៅថ្ងៃទី១០ ខែមីនា ថា៖ «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការរបស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុន ពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យា មិនមែនជាការដាក់វិន័យ ប៉ុន្ដែគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕