ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធមបំផុត ដោយសារតែបុរស២នាក់បានដើរបាញ់សត្វតែភ្លាត់គ្រាប់ត្រូវ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ក្នុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពពីមិត្តភ័ក្រជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សារឿន ប៊ុនថា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌល អង្គការសង្គ្រោះជនអស់សង្ឃឹម ។ ចំណែកជនបង្ករទាំងពីរនាក់មិនត្រូវបានបង្ហើបឈ្មោះឲ្យដឹងនោះឡើយ ។
ប៉ុន្តែទោះជាយ៉ាងណាក្តីប្រភពដដែលនេះជម្រាបបន្តថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ឈរលេង នៅចំណុចកើតហេតុ ។ លុះក្រោយមក គេឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក REXTON ពណ៌ស ពាក់ស្លាកលេខ ខ.ម-0282 ចូលទៅកាន់ទីតាំងកើតហេតុ ។ លុះមួយសន្ទុះក្រោយមក ក៏ឮសំលេងកាំភ្លើង១គ្រាប់ ស្រាប់តែត្រូវ ចំជនរងគ្រោះដួលតែម្តង ពេលនោះពួកគេក៏អោនចុះ ហើយក៏ឮសំលេងបាញ់មក៣គ្រាប់បន្ថែមទៀត ហើយនៅកន្លែងកើតហេតុ ឃើញសត្វលលកងាប់មួយក្បាលទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ខាងលើដែលជាជនបង្កភ្លាមៗ ។ ចំណែកប្រជាពលរដ្ឋដែលបានទៅមើលហេតុការណ៍សង្ឃឹមថា សមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់ចំពោះជនបង្កទាំង២នាក់នេះ ៕