ភ្នំពេញ ៖ យោងតាមលិខិត ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ដែលចុះតាមមូលដ្ឋាន រាជធានី ខេត្ត នានា ត្រូវអញ្ជើញមន្ដ្រីដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមគ្រប់កិច្ចប្រជុំថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានរៀបចំ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។
ក្នុងលិខិតដដែលនោះ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដើម្បីធានាឲ្យការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់កាន់តែទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរ នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សម្តេចក្រឡាហោមបានស្នើដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ត្រូវអញ្ជើញមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ សង្កាត់ និងមេភូមិ ដែលជាតួអង្គដ៏សំខាន់ និងមានការទទួលខុសត្រូវផ្ទាល់ ជាមួយប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមសំណើសំណូមពរនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមនៅគ្រប់កិច្ចប្រជុំថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានបានរៀបចំ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា រាល់ការចំណាយលើការស្នាក់នៅ ការធ្វើដំណើរ និងការហូបចុក ជាបន្ទុករបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ៕