ភ្នំពេញ ៖ ស្ពៃជើងទា ដែលប្រជាជនខ្មែរយើងនិយមយកទៅធ្វើជ្រក់ ឬ យកទៅធ្វើម្ហូបផ្សេងៗ នោះ ចាប់ផ្តើមមានហាងឆេង គួរសមវិញហើយ។ ការមានហាងឆេងឡើងវិញនេះ ធ្វើឲ្យកសិករ រីករាយ ដោយសារអាចផ្តល់ផលចំណេញខ្លះ និង អាចផ្តល់ការងារដល់ពលករដែលទើប ត្រឡប់មកពីថៃផង។
លោក ពុយ ជាម្ចាស់ចម្ការស្ពៃជើងទាប្រមាណជិត៣០រ៉ៃក្នុងភូមិអំពិល ឃុំអូរដា ស្រុកកំរៀង ខេត្តបា ត់ដំបង បាននិយាយថាៈបច្ចុប្បន្នគាត់កំពុងមមាញឹកប្រមូលផលស្ពៃជើងទាមួយកន្លែងសិនដែលមានទំហំ១៤រ៉ៃ ដែលអាច ប្រមូលផលបានជាង១០០តោន។ ដោយលោកបញ្ជាក់ថា ១សប្តាហ៍មកនេះស្ពៃជើងទាបានហក់ឡើង មួយគីឡូ៥០០រៀលវិញហើយ ខណៈកន្លងទៅបានតែ២០០ទៅ៣០០រៀលប៉ុណ្ណោះ។
លោកថា តម្លៃ៥០០រៀលមួយគីឡូ អាចផ្តល់ផលចំណេញបានខ្លះ ក្រៅពីចំណាយលើកម្មករដែលធ្វើការជាប្រចាំ ក្នុងចម្ការរបស់លោក ជិត២០នាក់ដែលភាគច្រើនទើបត្រឡប់មកពីថៃ។
អតីតពលករដែលទើបត្រឡប់មកពីប្រទេសថៃ ប្អូនប្រុស ជឿត បាននិយាយថា ក្រុមខ្លួនមានគ្នា១០នាក់ រួមកម្លាំងគ្នា ស៊ីឈ្នួលប្រមូលផលស្ពៃជើងទា ក្នុងមួយថ្ងៃបាន៥តោន ដោយក្នុងមួយតោនតម្លៃ ១០ម៉ឺនរៀល។ “ក្នុងមួយថ្ងៃអាចរកបានម្នាក់៥ម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅថៃមិនខុសគ្នានោះទេ”។
ពលករដែលកំពុងស៊ីឈ្នួលប្រមូលផលស្ពៃជើងទា បាននិយាយថា បើសិនជាមានការងារក្នុងស្រុកធ្វើរាល់ថ្ងៃ ពួកគាត់មិនត្រឡប់ទៅប្រទេសថៃវិញនោះទេ ដូច្នេះពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលឲ្យជំរុញទីផ្សារបន្លែក្នុងស្រុក ឲ្យថ្លៃគួរសម ដើម្បីឲ្យម្ចាស់ចម្ការបន្តដាំកាន់តែច្រើន នឹងផ្តល់ការងារច្រើនថែមទៀតដល់ ពលករដែលទើបត្រឡប់មកពី ប្រទេសថៃបានធ្វើការដើម្បីចិញ្ចឹមជីវិតផង៕