ខេត្តកំពង់ចាម ៖ សមត្ថកិច្ច បានឃាត់រថយន្ដកែច្នៃ០១គ្រឿង គ្មានអត្ដសញ្ញាណ លើផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានដឹកសំបកដបទឹកសុទ្ធ សំពីងសំពោង ផ្ទុកទម្ងន់ប្រហែល១៨តោន។ ការឃាត់នេះធ្វើឡើង កាលពីម៉ោងជាង៧យប់ ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរ រថយន្ត ឈ្មោះ ផេន ផាន់ណា អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មទឹកដាច់ ឃុំកំពង់កើត ស្រុកកញ្ជៀច ខេត្តព្រៃវែង មានទិសដៅពី កើតទៅលិច បានដឹកសំបកដបទឹកសុទ្ធ សំពីងសំពោង ផ្ទុកទម្ងន់ប្រហែល១៨តោន។
ក្នុងនោះដែររថយន្តដែលត្រូវបានសមត្ថកិច្ចឃាត់បានល្មើសដោយអ្នកបើកបរ គ្មានប័ណ្ណបើកបរ គ្មានឯកសារ ដែលពាក់ព័ន្ធនឹងរថយន្ដ ដឹកសំពីងសំពោង ខុសបច្ចេកទេសហើយអ្នកបើកបរ និងរថយន្ដកែឆ្នៃមួយគ្រឿងនេះ ជំនាញអធិការដ្ឋាន ក្រុងកំពង់ចាម ធ្លាប់បានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាអប់រំ កាលពីចុងឆ្នាំ២០២០ម្ដងរួចមកហើយ។
បន្ទាប់ពីសមត្ថកិច្ច ធ្វើកំណត់ហេតុស្ដាប់ចម្លើយ និងធ្វើការពិនិត្យសារធាតុញៀន និងជាតិស្រវឹង ជាលទ្ធផល អវិជ្ជមាន។
បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់រថយន្ដកែឆ្នៃរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីអនុវត្តវិធានការបន្ដ៕