ដើម្បីការពារហានិភ័យ សូមបងប្អូនពលរដ្ឋដែលបានដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មេត្តាធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដែលពិបាកទាយ និងរក្សាវាឲ្យបានសម្ងាត់តាមការចាំបាច់។ ក្នុងករណីដែលបងប្អូនពុំអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដោយខ្លួនឯងបាន សូមបងប្អូនទាក់ទងអ្នកបច្ចេកទេស ឬស្នើសុំជាងដំឡើងកាមេរ៉ាផ្លាស់ប្តូរជូនក្នុងអំឡុងពេលកំពុងដំឡើង។
បើយោងតាមរយៈទិន្នន័យពីកម្មវិធីរុករកឧបករណ៍បច្ចេកវិទ្យាលើអ៊ីនធឺណិត (IoT) បានបង្ហាញថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនធំ កំពុងប្រើប្រាស់គណនី និងលេខសម្ងាត់ដែលពុំបានផ្លាស់ប្តូរបន្ទាប់ពីដំឡើងរួច ដែលជាហេតុបង្ករឲ្យមានហានិភ័យ ដូចជា៖
• ជនខិលខូចអាចធ្វើការចូលមើលរូបភាព ឬវីដេអូ ដោយគ្មានការអនុញ្ញាតិ និងបង្កផលប៉ះពាល់ដល់ឯកជនភាព
• ជនខិលខូចអាចធ្វើការថតរូបភាព ឬវីដេអូ ប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត (ថតរូបអាក្រាតគម្រាមើប្រាក់ ពិនិត្យទីតាំងមុនប្រព្រឹត្តិបទល្មើសលួច។ល។)
• ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចធ្វើការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពជនរងគ្រោះ ក្នុងប្រតិបត្តិការវាយប្រហារ DDOS លើគោលដៅរងគ្រោះផ្សេងៗ៕