ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបនិងការពារខ្លួន ដោយបាញ់តបតរហូតជនសង្ស័យទាំង៤នាក់ បានស្លាប់ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រិះមួយកន្លែង ស្ថិតនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ខណៈជនសង្ស័យ ចូលធ្វើសកម្មភាពជាក់ស្ដែង ។
ប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួក ដោយប៉ងចាប់ជម្រិតយកប្រាក់១លានដុល្លារ បើមិនបានពួកគេនឹងសម្លាប់ថៅកែ និងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ ។
តាមរយៈឱ្យតម្រុយ និងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ច ករងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួក ជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។ ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញ ដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន ។
ដូចតាមការគ្រោងទុក របស់ក្រុមជនសង្ស័យ ពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម (AK47 ១ដើមនិងកាំភ្លើងខ្លី២ដើម ) បានជិះរថយន្តមួយគ្រឿង ចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ ។ ដោយសារជនសង្ស័យជាតៃកុងឡាន ជនរងគ្រោះ បានស្គាល់លេខផ្ទះ លេខផ្លូវ ទើបសន្តិសុខបុរី ដែលមិនបានដឹងរឿងសោះ អោយចូលមក ។ ខណៈចូលមក ដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាព ផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធការពារខ្លួន បណ្ដាលឱ្យជនសង្ស័យទាំងស្លាប់ទាំងអស់ ។
លោកឧត្ដមសេនីយឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាប ករណីនេះ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការ ជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុម ឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។
ចំពោះព័ត៌មានលម្អិត អង្គភាពយើងខ្ញុំនឹងផ្សាយជូន នៅពេលសមត្ថកិច្ចផ្ដល់នូវព័ត៌មាន នៃការបញ្ចប់ប្រតិបត្តិការ ៕