កំពង់ធំ៖ បុរសម្នាក់ទើបនឹងចេញពីពន្ធនាគារនា កាលពីពេលថ្មីៗ បែរជារត់ទៅចង.កសម្លាប់ខ្លួន បង្កឲ្យការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៤៦នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ងួន ងឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះ ធ្លាប់មានប្រវត្ដិប្រើអំពើហិង្សា ដោយចេតនា វាយម្ដាយបង្កើតខ្លួនឯង ហើយមានសតិមិនល្អ ទើបនឹងចេញពីពន្ធនាគារ ស្រាប់តែចង.កសម្លាប់ខ្លួនឯង កាលពីវេលាខាងលើនេះ។
លោក យុន ងួន អាយុ៥៥ឆ្នាំ ជាឪពុករបស់សពជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ ទើបចេញពីពន្ធនាគារ ដោយជាប់ចោទពីបទហិង្សា ដោយចេតនា វាយម្ដាយបង្កើតខ្លួនឯង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅតុលាការខេត្ត កាត់ទោសឲ្យជាប់ពន្ធនាគារ។
លោក យុន ងួន បានបន្តថា ចាប់តាំងពីកូនប្រុស ចេញមកពីពន្ធនាគារវិញមក កូនគាត់មានសតិខុសប្លែកពីមុន ឃើញចេះតែនិយាយរវើរវាយ ដើរសើចញញឹមតែឯង ហើយចូលចិត្តធ្វើអ្វីប្លែកៗ ដូចជាមនុស្សមានសតិមិនគ្រប់ទឹកអ៊ីចឹង។ ប៉ុន្តែគាត់មិនបាននាំកូនទៅឲ្យពេទ្យពិនិត្យសុខភាពនោះឡើយ។ លុះមកដល់មុនថ្ងៃកើតហេតុ ប្រហែលម៉ោង១រំលងអធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង ទើបគាត់ទៅមើលជាមួយអ្នកភូមិ នៅមណ្ឌលសុខភាពដូង ឃុំដូង។ ប៉ុន្ដែនៅពេលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនប្រុសចង.ក នៅក្រោមផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ព័ត៌មានទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយមានមន្រ្ដីនគរបាលជំនាញ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ចុះមកពិនិត្យដល់ទីកន្លែងកើតហេតុ ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនឯងមែន។ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យ តាមប្រពៃណី៕