ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះទាំងស្រុងការ៉ាស់សាំងមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង នាវេលាម៉ោងប្រមាណ ៧:៣៥នាទីព្រឹក ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បើតាមអធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។ ចំពោះមូលហេតុនៃការឆាបឆេះនេះឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ក្រោយទទួលដំណឹងភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែល។
ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន០២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥គ្រឿង ទើបរលត់ទាំងស្រុង។
ក្នុងឳកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៍បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស រឺឆេះរាល់ដាលតនោះទៀតនោះឡើយ។
បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំនៃការខូចខាតនៃអគ្គិភ័យនោះ បណ្តាលឲ្យឆាបឆេះការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិការ និងសម្ភារៈមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕