លីណូ រហ័សនាម “ម៉ៃឃើល ជែកសុន ខ្មែរ” បានបញ្ចេញស្នាដៃបទថ្មីជាចង្វាក់ប្រពៃណី ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ តាមរយៈបទថ្មីនេះ គឺមានចំណងជើងថា ”Live លុះខ្ស័យ“ ជាចង្វាក់កន្ទ្រឹម ដែលចំណងជើងហាក់ប្លែកពីគេ។
លោកជុំ លីណូ បានឲ្យដឹងថា បទថ្មីនេះជាស្នាដៃ Original Song ហើយក៏ទើបតែបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូប ថ្មីៗនេះប៉ុណ្ណោះ ខណ:ការគាំទ្រក៏មានសន្ទុះគូឲ្យកត់សម្គាល់ផងដែរ។
លោកអះអាងថា សម្រាប់បទនេះ សង្ឃឹមថា នឹងមានការគាំទ្រកាន់តែច្រើនពីមហាជននិងបណ្តាយុវវ័យខ្មែរ ព្រោះវាជាចង្វាក់ប្រពៃណី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ២០២១។
តាមការកត់សម្គាល់ តារាចម្រៀងជុំ លីណូ មួយរយ:ចុងក្រោយនេះ ពុំមានទ្រនំពិតប្រាកដដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សារចម្រៀងវិញ គឺនៅរក្សារដូចមុន។ ម្យ៉ាងក្រោយការចាកចេញពីទ្រនំចាស់ ជាច្រើនឆ្នាំមកនោះ លោកជុំ លីណូ បានស្វះស្វែងផលិតនិងចេញបទចម្រៀងដោយខ្លួនឯងនៅលើបណ្តាញសង្គមយូធូប ផងដែរ។
គូរបញ្ជាក់ដែរថា តារាចម្រៀងប្រុសពូកែខាងចាក់ក្បាច់រាំ លោកជុំ លីណូ បច្ចុប្បន្នលោកក៏កំពុងផលិតនឹងត្រៀមបញ្ចេញស្នារដៃបទចម្រៀងថ្មីៗជាច្រើនទៀត តាមរយ:ការបង្កើតស្នាដៃនិពន្ធបទ Original Songs ដោយបានបង្កើតក្រុមមួយ មានឈ្មោះថា ”S hare Media“៕