កណ្តាល: ដោយទទួលបឆនបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បានឃាត់ខ្លួន ជនសង្ស័យ០២នាក់ ពាក់ពន្ធ័និងករណី ធ្វើឱ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងចំណោមជនសង្ស័យទាំង០២នាក់ មាន០១នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងជាប់ពាក់ព័ន្ធបទល្មេីសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន គឺឈ្មោះ ខេង ភារី ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មុខសញ្ញាខាងលេីនេះធ្លាប់ជាប់ពន្ធនាគារ០២លេីក លេីកទី១ជាប់នៅខេត្តកណ្តាល ពីបទហិង្សាដោយចេតនា លេីកទី២ជាប់នៅខេត្តកំពង់ស្ពឺ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ ដីកាលេខ២៤៥ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។
👉នៅវេលាម៉ោង០៨និង៣០ព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍ លោកក្រុមប្រឹក្សា ឃុំលោកមេភូមិ នៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះ និងរោងចិញ្ចឹមមាន់របស់ឈ្មោះ ខេង ភារី ហៅពៅ នៅភូមិព្រៃចំការឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានរកឃើញថ្នាំញៀនចំនួន១១១កញ្ចប់តូចនិងថងវេចខ្ចប់ថ្នាំញៀនមួយចំនួនដែលជនសង្ស័យបានលាក់ទុកក្នុងកាបូបដៃហើយស៊កកប់នៅក្នុងដំបូងរោងមាន់(ដំបូលប្រក់ស្លឹក)។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ភារី បានឆ្លើយថា ថ្នាំញៀននៅចំពោះមុខពិតជារបស់ខ្លួនពិតប្រាកដមែនហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះយកមកលក់ឱ្យនៅតាមផ្លូវជាតិផ្តុំកំបូល តម្លៃ ១៥០ដុល្លារ (មួយរយហាសិបដុល្លារ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខ្លួនបានយកមកលក់បន្តឱ្យទៅឈ្មោះ រី ភារុណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងតាមនីតិវិធី។