ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ស្អែកនេះ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងការងារ សហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់នូវឱកាសការងារជិត ៤០០កន្លែងជូនដល់សិស្ស\និស្សិត យុវជន អ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសប្រចាំខែ” ។
ក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសនាខែកុម្ភៈ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន ធានារ៉ាប់រង Manulife, ក្រុមហ៊ុន Vital, ធនាគារ ABA Bank ។
បើតាមមន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍នេះលោក ឆោម សុខឿន បានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែបានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង ។
ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីឌ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “កិច្ចសម្ភាសប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៏ ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕