ខេត្តកណ្តាល ៖ ប្រតិបត្តការត្រឹមតែជាង១០ថ្ងៃ របស់កងកំលាំងអាវុធហត្ថ ខេត្តកណ្តាល ក្នុងការស្រាវជ្រាវ ករណី ជនសង្ស័យ២នាក់ ដែលជាឃាតករ សម្លាប់ យុវជនម្នាក់ ដែលជាបុគ្គលិកក្នុងផ្ទះសំណាក់ មួយកន្លែង នៅក្រុងតាខ្មៅ ពេលនេះឃាត់ខ្លួនបានហើយ។
សមត្ថ កិច្ច បានអោយដឹងថា ជនសង្ស័យ ទី ១ ឈ្មោះ ថា ធុល ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ រស់នៅ ភូមិ រទាំង ឃុំ ភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ទី ២ឈ្មោះខឹម សំណាង ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស្អាប់ ស្នាក់នៅ ភូមិ អណ្តូង៦ សង្កាត់ គោក រកា ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា ករណីរឹត ក សម្លាប់បុគ្គលិកផ្ទះសំណាក់យីហោ ៣៦២ ប្លន់យកម៉ូតូ និង ទូរស័ព្ទ នោះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
នៅ ចំពោះមុខ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត ជនសង្ស័យ ឈ្មោះ ថា ធុល បាន ឆ្លើយ សារភាពថា នៅ ថ្ងៃកើតហេតុ ខ្លួន បាន ទូរសព្ទ័ ហៅ ឈ្មោះ ខឹម សំណាង ឲ្យ យក ផាស្អាប់ដឹក ខ្លួន ពី កៀនស្វាយ ទៅ កំពង់ចាម ពេល ជិះ មកដល់ ក្រុង តាខ្មៅ ផាស្អាប់ ខូច ក៏ យកទៅផ្ញើ នៅ មន្ទីរពេទ្យ ជ័យជម្នះ រួច ក៏ ហៅ ផ្អាប់ជិះ ទៅ ដេក ផ្ទះសំណាក់ កើតហេតុ និង នាំគ្នា ជក់ គ្រឿងញៀន បណ្ដើរ រៀបចំ ផែនការ សម្លាប់ ជន រងគ្រោះ បណ្តើរ ដើម្បី លួច យក ម៉ូតូ នៅផ្ទះ សំណាក់ ។
បន្ទាប់ពី និយាយ ត្រូវរ៉ូវ គ្នា រួច ជនសង្ស័យ ក៏ ហៅ ជនរងគ្រោះ ឲ្យ យក ស្រា បៀ ពីរ កំប៉ុង ចូលក្នុង បន្ទប់ ពេលនោះ ក៏ ច្រាន ជនរងគ្រោះ ដួល ផ្កាប់មុខ លើ ពូក ហើយ ទាញ កន្សែងពោះគោ រឹត ក ជនរងគ្រោះ ថែមទាំង បាន ស្រែក ឲ្យ ឈ្មោះ ខឹម សំណាង យក ខ្នើយ សង្កត់ លើ មុខ ជនរងគ្រោះ រហូត ដាច់ខ្យល់ ស្លាប់។ ពេល ជនរងគ្រោះស្លាប់ខ្លួនបានឲ្យ ឈ្មោះ ខឹម សំណាង នៅ យាម ជនរងគ្រោះ ហើយខ្លួន ជា អ្នក ទៅ កាច់ សោ លួច ម៉ូតូ ។ ក្រោយពី កាច់ សោ លួច ម៉ូតូ បាន ហើយ ទើប ចូលទៅ ហៅ ឈ្មោះ ខឹម សំណាង ចេញ ក្រៅ រួច ជិះ ឌុប គ្នា ទៅ កៀនស្វាយ ដោយបាន ទូរសព្ទ័ ទៅ ឈ្មោះ ជាង ម៉ាប់ ហៅ ចេក ដើម្បី ណាត់ជួប គ្នា ទិញ ម៉ូតូ នៅក្បែរ វត្ត និរោធក្នុងតម្លៃ៤០០ ដុល្លារ យកមកចែកគ្នា បាន ម្នាក់ ២០០ ដុល្លារ ។ ចំណែក ជន សង្ស័យឈ្មោះ ខឹម សំណាង បាន សារភាពថា ខ្លួន ជា អ្នកទិញ ថ្នាំញៀន និង ជក់ ជាមួយ ឈ្មោះ ថា ធុល និង ពិតជា បាន ចូលរួម ធ្វើ សកម្មភាព ដូច ការរៀបរាប់ ខាងលើ របស់ ឈ្មោះ ថា ធុល ប្រាកដ មែន ៕