សៀមរាប៖ មានករណីទំនាស់ក្នុងគ្រួសារមួយបានកើតឡើងនៅខេត្តសៀមរាប ដោយបុរសជាប្តីបានជ្រុលដៃយកដុំថ្មវាយទៅលើប្រពន្ធខ្លួនឯងបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងវេទនា។ ករណីនេះបានកើតឡើងម៉ោង ២១:៣០នាទី ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២០ ក្នុងផ្ទះកម្មករស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាពយកដុំថ្មវាយទៅលេីជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី ជាកម្មករសំណង់ អាយុ១៩ឆ្នាំ បណ្តាលឱ្យស្លាប់ (ត្រូវជាប្រពន្ធជនដៃដល់) មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះដោយសារមានទំនាស់គ្នា ហើយបើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា សពពិតជាស្លាប់ដោយ ករណីឃាតកម្មពិតមែន។
បច្ចុប្បន្ន៖ ជនដៃដល់បានរត់គេចខ្លួនបាត់ ហើយ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕