រាជធានីបាងកក៖ ស្រ្ដីម្នាក់បានបើករថយន្ដបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យកៀបជាប់នៅក្នុងរថយន្ដស្លាប់យ៉ាងអាណោចអាធ័ម ហើយកូនប្រុសរបស់នាង បានផ្លោងចេញក្រៅ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងខេត្ត Ubon Ratchathani ប្រទេសថៃ។
ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះ ជាម្ដាយ ឈ្មោះ Sukanya Tawarom អាយុ២៦ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ រីឯកូនប្រុសរបស់នាង មិនទាន់ស្គាល់ឈ្មោះ មានអាយុ៣ឆ្នាំ បានរងរបួស បន្ដិចបន្តួច។
ប៉ូលិសថៃ បានបញ្ជាក់ថា បើតាមការពិនិត្យ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពី៥ម៉ោង មុនពេលជួបនូវឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះបានចាកចេញពីមិត្តប្រុសរបស់នាង។ លុះមកដល់វេលាខាងលើ ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ កើតឡើងតែម្ដង។
ប៉ូលិសថៃ បានបន្ថែមថា បើតាមការពិនិត្យមើល នៅកន្លែងកើតហេតុ ជនរងគ្រោះ បានបើករថយន្ដ ក្នុងល្បឿងលឿនបំផុត ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើង កៀបជាប់នៅក្នុងរថយន្ដ បណ្ដាលឲ្យនាងស្លាប់បែបនេះ។ រីឯប៉ូលិសបានព្យាយាមយ៉ាងយូរ ទម្រាំគាស់រថយន្ដយកសាកសពរបស់នាង ចេញមកខាងក្រៅបាន។ ដោយឡែកកូនប្រុសរបស់ជនរងគ្រោះ មានអាយុ៣ឆ្នាំ បានផ្លោងចេញមកខាងក្រៅរថយន្ដ តែសំណាងល្អ មិនមានគ្រោះថា្នក់ដល់អាយុជីវិត ដោយគ្រាន់តែគេរងរបួសបន្ដិចបន្ដួចតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រោយពេលកើតហេតុ ប៉ូលិសកំពុងតែទាក់ទងទៅមិត្ដប្រុសរបស់ជនរងគ្រោះ ដើម្បីសាកសួរឲ្យដឹងព័ត៌មានបន្ថែម អំពីទំនាក់ទំនងរបស់ពួកគេ នៅមុនពេលកើតហេតុ ថាមានរឿងអ្វីកើតឡើង ទើបធ្វើឲ្យជនរងគ្រោះខឹង និងបើករថយន្ដ ក្នុងល្បឿងយ៉ាងលឿនបែបនេះ៕