រដ្ឋធានីកមហាណូយ៖ ក្នុងរយៈពេលប៉ុន្មាននេះ ព្យុះកំណាចត្រូពិក ម៉ូឡាវ បាន និងកំពុងបង្កើនឥទ្ធិពលរបស់វាទៅលើប្រទេសជាច្រើន រួមមាន ហ្វីលីពីន វៀតណាម ឡាវ ថៃ និងកម្ពុជា ហើយអាជ្ញាធរវៀតណាម កំពុងប្រញាប់ប្រញាល់ជម្លៀសប្រជាពលរដ្ឋជាង១លាននាក់ ចេញពីតំបន់គ្រោះថ្នាក់។
សារព័ត៌មានវៀតណាម VNA បានផ្សាយថា អាជ្ញាធរវៀតណាម កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា កំពុងតែប្រញាប់ប្រញាល់ ជម្លៀសប្រជាពលរដ្ឋ ជាង១លាននាក់ ចេញពីតំបន់ទំនាបកណ្តាល នៃប្រទេសនេះ ខណៈខ្យល់ព្យុះបោកបក់ខ្លាំង វាយប្រហារសំដៅមកកាន់ប្រទេសវៀតណាម ស្របពេលតំបន់មួយចំនួនកំពុងប្រឈមនឹងការដោះស្រាយបញ្ហាទឹកជំនន់ដ៏ខ្លាំង កាលពីប៉ុន្មានកន្លងមកនេះ។ ខ្យល់ព្យុះMolave ត្រូវបានព្យាករថានឹងបោកបក់លើតំបន់ឆ្នេរសមុទ្រកណ្តាល ភាគខាងត្បូង នៃប្រទេសវៀតណាម នៅព្រឹក ថ្ងៃពុធ ទី២៨ ខែតុលា ក្នុងល្បឿន១៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ដោយឡែក នៅក្នុងប្រទេសហ្វីលីពីនវិញ ខ្យល់ព្យុះនេះបានបង្កឱ្យមនាមនុស្សស្លាប់យ៉ាងតិចណាស់ចំនួន៣នាក់ និង ១៣ នាក់បាត់ខ្លួន ហើយបង្ខំឱ្យអ្នកស្រុកជាង ១២០ ០០០ នាក់ ចាកចេញពីលំនៅឋាន មុនពេលវាតម្រង់ទិស ឆ្ពោះមកប្រទេសវៀតណាម៕