រាជធានីបាងកក៖ បុរសគម្រក់ម្នាក់ មានអារម្មណ៍ចង់រួមភេទ លុះពេលប្រពន្ធមានអាការមិនស្រួលខ្លួន ក៏មិនអាចបំពេញបំណងរបស់គេបាន ស្រាប់តែជននេះបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅដុតផ្ទះឆេះហ្មត់ បង្កឲ្យភ្ញាក់ផ្អើលដល់ប៉ូលិស កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា នៅក្នុងខេត្ដបូរីរាំ។
ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ Ratchaneekorn Yeeram ។ រីឯជនសង័្សយ ឈ្មោះ Narongchan Paksarom អាយុ៣៣ឆ្នាំ។ ជនសង័្សយ ត្រូវបានប៉ូលិសស្រុក Satuek ចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ដុតបំផ្លាញផ្ទះសម្បែង»។
ប៉ូលិសថៃ បានឲ្យដឹងតាមការសាកសួរព័ត៌មានពីជនសង័្សយថា មុនពេលកើតហេតុ គេបានជិះម៉ូតូ ចេញពីកន្លែងរបស់គេស្នាក់នៅ ស្ថិតក្នុងស្រុក Satuek ដើម្បីទៅលេងផ្ទះរបស់ប្រពន្ធ ក្នុងចម្ងាយផ្លូវ២០គីឡូម៉ែត្រ។ លុះពេលទៅដល់ទីនោះ គេក៏មានអារម្មណ៍ចង់រួមភេទជាមួយនឹងប្រពន្ធ។ ប៉ុន្ដែនៅយប់កើតហេតុ ស្រ្ដីជាប្រពន្ធមានអាការមិនស្រួលខ្លួន ហើយបដិសេធ ដោយមិនអាចបំពេញចំណង់តណ្ហារបស់ខ្លួនបាន ដែលខំកាត់ពីនាយធ្លាក់ដល់អាយ ទើបធ្វើឲ្យគេផ្ទុះកំហឹងឡើង ក៏ដុតផ្ទះរបស់ប្រពន្ធឆេះហ្មត់តែម្ដង។
ប៉ូលិសថៃ បានបន្ថែមថា ក្រោយពេលឃាត់ខ្លួន ជនសង័្សយបានសារភាពថា ករណីខាងលើនេះ គឺរូបគេធ្វើឡើង ដោយសារតែកំហឹង ខឹងនឹងប្រពន្ធមិនអាចបំពេញតាមចំណង់តណ្ហារបស់គេបាន។ បន្ទាប់មក ប៉ូលិសបានធ្វើតេស្តទឹកនោមរបស់ជនសង័្សយ រកឃើញថា មានផ្ទុកសារធាតុញៀន។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចថៃ បាននាំខ្លួនជនសង័្សយទៅកាន់ស្ថានីយ៍ប៉ូលិសស្រុក Satuek ដើម្បីចាត់ការតាមច្បាប់៕