រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខ្ចីលុយម្ដាយក្មេក ចំនួន៥០ដុល្លារ តែត្រូវម្ដាយបង្កើតស្ដីបន្ទោស ធ្វើឲ្យគេខឹងចិត្តទាញខ្សែនីឡុង រត់ទៅចងកនឹងដើមអម្ពិលទឹកចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពៅ ធារ៉ូ អាយុ ២៧ឆ្នាំ មុខរបរ ដើរសង់រោងការ និងរោងបុណ្យ ស្នាក់នៅភូមិកើតហេតុ។
ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទៅខ្ចីលុយម្ដាយក្មេកចំនួន៥០ដុល្លារ ខណៈមកដល់ផ្ទះវិញ ក៏បានប្រាប់ម្ដាយបង្កើតថា ខ្លួនបានខ្ចីលុយពីម្ដាយក្មេក ចំនួន៥០ដុល្លារ។ ប៉ុន្តែ ភ្លាមៗនោះ ត្រូវបានម្ដាយបង្កើតស្ដីឱ្យថា ហេតុអីបានឃើញទៅខ្ចីលុយពីម្ដាយក្មេកទៅវិញ យ៉ាងម៉េចមិនព្រមយកលុយគាត់ចាយទៅ ហើយជនរងគ្រោះអត់មានមាត់តបជាមួយនឹងម្ដាយបង្កើតទេ។ នៅយប់កើតហេតុ ថ្ងៃទី២៩ ខែកញ្ញា កពួកគេបាននាំគ្នាចូលដេកអស់។ លុះព្រឹកឡើងនៅវេលាម៉ោង៦និង១៥នាទីហ្នឹង ស្រាប់តែបងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ ក៏ប្រទះឃើញជនរងគ្រោះយកខ្សែនីឡុង ពណ៌ស ទៅចងជាប់នឹងដើមអម្ពិលទឹកចង.កសម្លាប់ខ្លួនបាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងបានទៅប្រាប់ឱ្យក្រុមគ្រួសារ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុ ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកកន្លែងកើតហេតុ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើដងខ្លួនសាកសព បានបញ្ជាក់ថា សាកសពជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន៕