រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងជារពឹសដៃ ឬគំនុំអ្វីជាមួយនឹងលោកផ្កាយ៣ម្នាក់ រស់នៅក្នុងភូមិជាមួយគ្នា ស្រាប់តែលួចដុតដបសាំងគប់ចូលទៅ
ក្នុងផ្ទះម្ដងជាពីរដង ក៏អស់លក្ខណ៍ ត្រូម្ចាស់ផ្ទះតាមទាន់ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានប្តីពាក់ផ្កាយ៣ និងមានលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀនក្នុងខ្លួន)។ រីឯ
សម្ភារខូចខាត រួមមាន ១- ឆេះរោលទ្វារផ្ទះ ២-ឆេះរោលជណ្តើរ និង៣- ឆេះទ្រនាប់ជើង។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ដែកកេះ ចំនួន២ ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន១ចំហៀង និងកម្ទេចដបសាំង មួយចំនួន។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ផ្ទះ កំពុងតែនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែមានជនសង្ស័យគប់ដបសាំងចំនួន២ដប (ចំណុះកន្លះលីត្រ ២ដប) ដែលមានសាំងពេញដបគប់ចូលក្នុងផ្ទះរបស់គាត់ បណ្តាលឱ្យភ្លើងឆេះទ្វារផ្ទះ ឆេះជណ្តើរ និងទ្រនាប់ជើង១ចំហៀង ប៉ុន្តែរកជនបង្កមិនឃើញ។ លុះក្រោយមក ទើបជនរងគ្រោះលបមើល ក៏ឃើញជនបង្កធ្វើសកម្មភាពបន្តទៀត។ នៅពេលនោះជនរងគ្រោះបានស្រែកឆោឡោឱ្យអ្នកជិតខាងជួយពន្លត់ភ្លើង រួចក៏មានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ មកដល់ ជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកដបសាំងចំនួន២ដប ដែលមានសាំងពេញដុតភ្លើង រួចគប់ទៅលើផ្ទះជនរងគ្រោះប្រាកដមែន។ ហើយកាលពីវេលាម៉ោង៨និង២១នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ រូបគេធ្លាប់យកដបសាំង១ដប ដុតភ្លើង រួចគប់ចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យឆេះជណ្តើរផ្ទះម្តងរួចមកហើយដែរ តែជនរងគ្រោះពុំដឹងថាខ្លួន (ជនសង្ស័យ) ជាអ្នកគប់ឡើយ។ ប៉ុន្តែចុងក្រោយ ទើបម្ចាស់ផ្ទះតាមទាន់។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើ ទើបសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕