រាជធានីភ្នំពេញ៖ សាកសពទារកម្នាក់ ត្រូវគេដាក់ក្នុងថង់ យកមកបោះចោលនៅក្នុងគំនរសំរាមដូចសត្វធាតុ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខនាឡិកា វត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់មិនបានដឹងថា ថង់ខ្មៅនោះដាក់អ្វី ហើយអ្នកណាជាអ្នកយកមកចោលដែរ។ លុះមកដល់វេលាខាងលើ ទើបមានការភ្ញាក់ផ្អើលពីការប្រទះឃើញសាកសពទារក ត្រូវគេយកមកបោះចោល គួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ពលរដ្ឋ បានរិះគន់ថា ធ្វើជាឪពុកម្ដាយគួរណាស់មានក្តីមេត្តាក្នុងខ្លួន ជាមនុស្សផង។ បើទោះជាគ្នាកើតមក ហើយស្លាប់ទៅវិញក្ដី ក៏គួរតែកប់សាកសពកូនឲ្យបានសមរម្យផង។
ក្រោយពេលមានការភ្ញាក់ផ្អើលនោះមក សមត្ថកិច្ជបានចុះទៅពិនិត្យ ខ្លាចក្រែងជាករណីអ្វីផ្សេង។ បន្ទាប់មក សមត្ថកិច្ជបានយកសាកសពទារកនោះទៅកប់ឲ្យបានសមរម្យ៕