កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រទះរថយន្ត ១គ្រឿង ម៉ាក lexus GS-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-7669 បើកបរដោយបុរសជនជាតិចិន ក្នុងនោះមានស្រី១នាក់ រួមជាមួយកូនតូចប្រុសស្រី២នាក់ទៀត បើកចូលគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ក្នុងល្បឿនលឿន ហើយភ្លាមនោះ គេប្រុងកាច់ចង្កូតគេចចេញពីគោលដៅវិញ ប៉ុន្តែ ទៅបុកបារ៉ាស់សមត្ថកិច្ច ធ្លាយចូលទៅក្នុងទឹកដីកោះពេជ្រ ទើបឃាត់បាន ជាមួយគ្រឿងញៀនជាច្រើនគីឡូក្រាម។
បុរសជនជាតិចិនម្នាក់នេះ បានបើករថយន្តគេចចេញពីខ្សែត្រៀមសមត្ថកិច្ចដូចចាក់កួរនៅទីក្រុងហុងកុង អ៊ីចឹង ប៉ុន្តែត្រូវបានសមត្ថកិច្ចជិះម៉ូតូប្រដេញពីក្រោយប្រកៀកប្រកិត លុះដល់កៀកខុនដូរមួយកន្លែង ក៏ឃាត់រថយន្តនោះជាប់។ បន្ទាន់នោះ បុរសជនជាតិចិន បានបោះថង់ខ្មៅមួយចោលនៅជិតរថយន្ត រួចរត់គេចខ្លួនចូលទៅក្នុងអគារមួយ បន្សល់ទុកកូនតូចៗប្រុសស្រី២នាក់ នៅក្នុងរថយន្ត ។ សមត្ថកិច្ចក៏ឆែកឆេរនៅក្នុងថង់ខ្មៅនោះ ឃើញមានសុទ្ធតែគ្រឿងញៀនទម្ងន់ជិត ៥គីឡូក្រាម បន្ទាប់មក បានចែកកម្លាំងគ្នាទៅឆែកឆេរដល់បន្ទប់ស្នាក់នៅរបស់បុរសជនជាតិចិននោះ ស្រាប់តែប្រទះឃើញគេយួរវ៉ាលីសមួយរត់ចេញមកក្រៅសំដៅឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្ដង ហើយបានឆែកឆេរក្នុងវ៉ាលីសនោះ រកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន១៤ដុំ ទៀត។
បទល្មើសត្រីពាំគ្រឿញៀនរត់ចូលទ្រូមួយនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទឹកដីកោះពេជ្រ។ បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាង ថ្នាំញៀនជាច្រើនគីឡូក្រាម ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែចាត់ការតាមនីតិវិធី៕