ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋមួយគ្រួសារបានពុលចំណីអាហារ បណ្ដាលឲ្យស្លាប់កូនស្រីពៅ ហើយបង និងឪពុករបស់នាងកំពុងសង្រ្គោះបន្ទាន់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។
អធិការនគរបាលស្រុកតាលោសែនជ័យ លោកវរសេនីយ៍ឯក ហែម មុនី បានឱ្យដឹង តាមរយៈទូរស័ព្ទនៅវេលាម៉ោង៧ និង៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នៃ២០២០ ថា ករណីពុលនេះ មិនមែនជាលើកទី១ទេ ព្រោះកន្លងមកក៏ធ្លាប់ជីតាពុលដំឡូងម្តងរួចហើយដែរ តែមិនគ្រោះថ្នាក់ដល់អាយុជីវិត។ ប៉ុន្តែករណីនេះជាការពុលលើកទី២ មានមនុស្សរហូតដល់៤នាក់ រួមមាន ឪពុក និងកូនប្រុសស្រី។ ពួកគេបាននាំគ្នាស្ងោរដំឡូងហូប ទើបពុលទាំងអស់គ្នាបែបនេះ។ ភ្លាមៗនោះ ជនរងគ្រោះជាឪពុកបានដឹកកូនៗ នាំទៅមណ្ឌលសុខភាពរហាលទិល ដើម្បីសង្គ្រោះ។ ប៉ុន្តែជាអកុសល កូនស្រីពៅបានស្លាប់ នៅពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ។
លោកអធិការនគរបាលស្រុក បានបន្តថា កុមារីដែលស្លាប់នេះ ឈ្មោះ វ៉ាន់ ស្រីយ៉ា អាយុ៣ឆ្នាំ ។ រីឯអ្នកពុុលជាសមាជិកគ្រួសាររបស់នាង រួមមាន ឪពុកឈ្មោះ វ៉ាត វ៉ាន់ អាយុ៣៥ឆ្នាំ បងទី១-ឈ្មោះ វ៉ាតស្រីណា អាយុ១២ឆ្នាំ បងទី២-ឈ្នោះ វ៉ាន់ ស្រីណយ អាយុ៥ឆ្នាំ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា បន្ទាប់ពីឪពុកម្ដាយលែងលះគ្នានោះមក ក្មេងប្រុសស្រីទាំង៣នាក់នេះ មិនបានទៅនៅជាមួយម្តាយទេ គឺពួកគេរស់នៅជាមួយឪពុក។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។