ខេត្តពោធិ៍សាត់៖ ស្រ្ដីម្នាក់ខឹងប្ដីនាំកូនចេញពីផ្ទះបាត់ ក៏គិតខ្លីចងកធ្វើអត្ដឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះកំពុងសាងសង់ (ផ្ទះរបស់ជនរងគ្រោះ) ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ហៀក ស្រីដា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ។ ជនរងគ្រោះបានយកខ្សែគោពណ៌ស មកចងកភ្ជាប់ទៅនឹងឈើចន្ទល់លើទ្វារនៅក្នុងផ្ទះ ដោយទ្វារមុខក្រោយ ដាក់គន្លឹះពីខាងក្នុងជាប់។
ប្រភពព័ត៌មានដដែល បានបន្តទៀតថា បើតាមសន្និដ្ឋាន ស្រ្ដីរងគ្រោះមានវិបត្តិក្នុងគ្រួសារ ហើយខឹងនឹងប្ដីរបស់នាងនាំកូនស្រីតូចៗ ចំនួន២នាក់ ចាកចេញពីផ្ទះទៅបាត់ ដោយគ្មានផ្ដល់ដំណឹង ចាប់តាំងពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០កន្លងមក។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕