ខេត្តកំពង់ធំ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានសហការគ្នាចុះត្រួតពិនិត្យលើចំណីអាហារ នៅតាមផ្សារនានា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានរកឃើញបង្គាមានផ្ទុកសារធាតុម្យ៉ាង ស្រដៀងនឹងចាហួយ ទម្ងន់២៨គីឡូក្រាម។
អាជ្ញាធរខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបង្គាមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន២៨ គីឡូក្រាម។បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោល។
អាជ្ញាធរខេត្តកំពង់ធំ បានបន្ដថា នៅក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានវិភាគបឋម រកសារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រចំនួន២ស្តង់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ការត្រួតពិនិត្យនេះ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។
ជាមួយគ្នាដែរ មន្ត្រីជំនាញបានណែនាំដល់អាជីវករទាំងអស់ត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ស្របតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចៀសវាង បង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយវាអាចប្រឈមនឹងផ្លូវច្បាប់៕