រដ្ឋធានីវ៉ាស៊ីនតោន៖ ព្យុះកំណាចហឺរីខេន នឹងបោកបក់ទៅលើដល់ទឹកដីអាមេរិក ក្នុងល្បឿន ជិត១៤០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយអាជ្ញាធរបានប្រកាសអាសន្នដល់ប្រជាពលរដ្ឋឲ្យត្រៀមខ្លួនជាសម្រេច មុនពេលព្យុះនេះមកដល់។
លោក John Bel Edwards អភិបាលរដ្ឋ Louisiana បានប្រកាសភាពអាសន្នដល់ប្រជាជន រស់នៅក្នុងរដ្ឋនេះឲ្យត្រៀមខ្លួនជាសម្រេច មុនពេលព្យុះហឺរីខិន Sally នេះមកដល់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ។ បើតាមព្យាករណ៍ ព្យុះ Sally អាចមានល្បឿន១៣៧គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចនឹងមកដល់រដ្ឋ Louisiana នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក)។
ព្យុះ Sally នេះ នឹងមិនមានកម្លាំងខ្លាំងក្លា ដូចជា ព្យុះហឺរីខេន Laura កាលពីខែសីហា កន្លងទៅនេះទេ តែគេក៏ពុំអាចប៉ាន់ប្រមាណបានដែរ។ ព្យុះ Laura បានវាយប្រហារ មកលើតំបន់ឆ្នេរអាមេរិក នៅឈូងសមុទ្រម៉ិកស៊ីក ដូចគ្នា កាលពី៣សប្តាហ៍មុន ដោយវាបានវិវឌ្ឍខ្លួន ទៅជាព្យុះហឺរីខេនកម្រិតទី៤ ដោយមានកម្លាំងខ្លាំង ហើយវាមានល្បឿន២៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ព្យុះកំណាចបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតាមបណ្តាទីក្រុង នៃរដ្ឋ Louisiana ហើយបង្កឲ្យដាច់ចរន្តអគ្គិសនី ជាច្រើនសប្ដាហ៍ នៅក្នុងរដ្ឋនេះ និង Texas ៕