ខេត្តព្រៃវែង៖ អគ្គីបានឆាបឆេះផ្ទះមួយខ្នង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិព្រែកតាស ឃុំអ្នកលឿង ស្រុកពាមរក៍។
មន្រ្ដីនគរបាលស្រុកពារក៍ បានឲ្យដឹងថា ផ្ទះរងគ្រោះអគ្គិភ័យនោះ មានទំហំ៥ គុណនឹង៦ម៉ែត្រ ធ្វើពីឈើ ប្រក់សង័្កសី មានម្ចាស់ ឈ្មោះ ហង់ រៀប ភេទស្រី អាយុ៧២ ឆ្នាំ រស់នៅភូមិឃុំខាងលើ។ រីឯទំហំ នៃការការខូចខាតជាទឹកប្រាក់ អស់ប្រហែល៥លានរៀល។
មន្រ្ដីនគរបាល បានបន្ថែមថា គ្រោះអគ្គិភ័យនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង តែវាមិនបានបណ្ដាលឱ្យរងរបួសដល់មនុស្សឡើយ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យ១គ្រឿង ចេញធ្វើអន្តរាគមន៍ ដោយបាញ់ទឹកអស់មួយរថយន្ត៕