រដ្ឋធានីញូវដេលី៖ ដោយសារតែមានការគំរាមកំហែងដល់សន្ដិសុខជាតិឥណ្ឌា ពីសំណាក់ចិន និងប៉ាគីស្ថានជាបន្ដបន្ទាប់ រដ្ឋាភិបាលញូវដេលី បាន និងកំពុងតែបង្កើនការផលិតមីស៊ីលល្បឿនលឿនជាងសំឡេងដោយខ្លួនឯង និងចំណាយថវិការាប់ពាន់លានដុល្លារអាមេរិក ទិញយន្ដហោះទំនើបៗពីលោកខាងលិច និងរុស្ស៊ី សម្រាប់ទប់ទល់នឹងបច្ចាមិត្រ។
បើតាមសារព័ត៌មាន Wion របស់ឥណ្ឌា បានផ្សាយថា ឥណ្ឌា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានបាញ់បង្ហោះសាកល្បងយានបង្ហាញបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេង (HSTDV)ប្រកបដោយជោគជ័យ។ យាននេះត្រូវគេរំពឹងថា អាចផ្ទុកនូវប្រព័ន្ធមីស៊ីល រយ:ចម្ងាយឆ្ងាយថែមទៀតផង។
មន្រ្ដីឥណ្ឌា បានថ្លែងថា យាន HSTDV បានអភិវឌ្ឍឡើង ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិ (DRDO) ។ HSTDV បានអភិវឌ្ឍឡើង ដោយផ្អែកលើបច្ចេកវិទ្យារុញច្រាន មានល្បឿនលឿនជាងសំឡេង។ រីឯការសាកល្បងនូវយានគំរូបច្ចេកវិទ្យា HSTDV នេះ បានធ្វើឡើង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ប្រកបដោយជោគជ័យ។ យានគំរូនេះត្រូវបានគេរំពឹងទុកថា វានឹងអាចបំពាក់ប្រព័ន្ធមីស៊ីល រយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស នាពេលអនាគត។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្ដីការពារជាតិឥណ្ឌា លោក Rajnath Singh បានសម្ដែងនូវការសាទរដល់អង្គការ DRDO ចំពោះស្នាដៃប្រកបដោយជោគជ័យ លើការបាញ់បង្ហោះយាន HSTDV ។នេះក៏ជាការបង្ហាញពីស្នាដៃខាងបច្ចេកវិទ្យាជាន់ខ្ពស់ផងដែរ។
មន្រ្ដី DRDO បានថ្លែងថា ជាមួយនឹងការសាកល្បងយាន HSTDV ប្រកបដោយជោគជ័យនេះ ឥណ្ឌាបានបង្ហាញអំពីសមត្ថភាពខាងបច្ចេកវិទ្យាជាន់ខ្ពស់ ដែលនឹងអាចបម្រើដល់ការសាងសង់យានមានល្បឿនលឿនជាសំឡេង សម្រាប់យានជំនាន់ក្រោយ ជាមួយដៃគូឧស្សាហកម្មខាងវិស័យការពារជាតិផងដែរ។ យាន HSTDV អាចដំណើការមីស៊ីល និងប្រតិបត្ដិការម៉ាស៊ីនឲ្យមានល្បឿនលឿនជាងសំឡេង រហូត៦ដង៕