រាជធានីភ្នំពេញ៖ ក្រោយពេលផ្ទុះរឿងអាស្រូវបៀតបៀនផ្លូវភេទលើមន្រ្ដីនគរបាលស្រី ជាកូនចៅនោះមក រហូតមកដល់ពេលនេះ លោកស្នងការនគរបាលខេត្តកំពង់ធំ បានអស់ទាំងតួនាទី និងជ្រុះទាំងផ្កាយពីលើស្មាថែមទៀតផង។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់តំណែងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។ លើសពីនេះទៅទៀត ឋានន្ដរស័ក្ដិរបស់លោក អ៊ុក កុសល ជាឧត្ដមសេនីយ៍ទោ (ផ្កាយ២) ក៏ត្រូវដកចេញ មកនៅត្រឹមវរសេនីយ៍ឯក ឬក៏អាចមានទាបជាងនេះក៏ថាបានដែរ។
លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវមន្រ្ដីនគរបាលជានារីៗមួយចំនួន ក្រោមឱវាទរបស់លោក ប្តឹងចោទប្រកាន់មកលើរូបលោកទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីបទ «បៀតបៀនកេរ្តិ៍ខ្មាសមកលើពួកនាង»។ ក្រោយពេលផ្ទុះរឿងអាស្រូវនេះឡើង ក្រសួងមហាផ្ទៃ ក៏បានផ្អាកតួនាទីរបស់លោក ជាបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេត។ ប៉ុន្ដែរហូតមកដលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ អ្ននាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា លោក អ៊ុក កុសល ត្រូវបានបញ្ចប់តំណែង និងទម្លាក់ឋានន្ដរស័ក្ដិថែមទៀតផង។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បញ្ជាក់ថា៖ «ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្ត ដូចការប្តឹងមែន»។
លោក ខៀវ សុភ័គ បន្តថា បច្ចុប្ន្បន្ន ស្នងការថ្មី ត្រូវបានតែងតាំងជំនួសតំណែងរបស់លោក អ៊ុក កុសលហើយ។ លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិ ពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣) ៕