ខេត្តសៀមរាប៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹកព្រែក ទាំងម៉ូតូ និងមនុស្ស បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅខាងកើតស្ថានីយសាំង លី គឹមសេង មានចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកញ្ចាន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញយុវជនម្នាក់ បានបើកបរម៉ូតូ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1U-7357 ក្នុងល្បឿនលឿន។ លុះពេលជនរងគ្រោះបើកម៉ូតូមកដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកស្ពាន ធ្លាក់ចូលទៅក្នុងទឹកព្រែក ទាំងមនុស្ស និងម៉ូតូ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកវ៉ារិន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុក ក្រួច អាយុ២៤ឆ្នាំ ភេទប្រុស មានលំនៅក្នុងភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបាននាំគ្នាស្រង់សាកសពជនរងគ្រោះ និងធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕