ខេត្តព្រះសីហនុ៖ រថយន្ដដឹកដីមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុក អ្នកជិះម៉ូតូ ហើយបន្ដទៅបុកបង្គោលភ្លើង និងសំយាបផ្ទះ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងម្នាក់ទៀត ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅនៅជិតសាលាដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញរថយន្ដបែនដឹកដីមួយគ្រឿង បើកបោះពួយយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយនឹងអ្នកជិះម៉ូតូ។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកអ្នកជិះម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ រីឯរថយន្ដបង្ក ក៏នៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្គោលភ្លើងមួយដើម ហើយបន្ដទៅបុកសំយាបផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យអ្នកបើកបរកៀបជាប់ នៅក្នុងកាប៊ីនរថយន្ដ រងរបួសធ្ងន់។
មន្រ្ដីនគរបាលចរាចរក្រុងព្រះសីហនុ បានឲ្យដឹងថា រថយន្ដបែនដឹកដី ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5931 បើកបរ ដោយឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ ២៣ឆ្នាំ (រងរបួសធ្ងន់) មានលំនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រីឯម៉ូតូម៉ាក ហុងដាប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1U-6915 (អ្នកបើកមិនទាន់ស្គាល់អត្តសញ្ញាណ ស្លាប់)។ ចំណែកផ្ទះដែលរងការខូចខាត មានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្រ្ដីជំនាញបានចុះទៅពិនិត្យ និងនាំគ្នាគាស់យកអ្នកបើកបររថយន្ដបង្ក ដែលរងរបួស បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់មក មន្រ្ដីជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកយានយន្ដពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចវាស់វែង រួចហើយយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕