រាជធានីភ្នំពេញ៖ ក្រុមជួញដូរគ្រឿងញៀន បានបំផ្ទុះគ្រាប់កាំភ្លើង បាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយពីការបំផ្ទុះអាវុធ ចំនួន៥គ្រាប់។ រី ឯសមត្ថកិច្ចក៏បានបាញ់ការពារខ្លួន ចំនួន៣គ្រាប់ផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា នេះជាករណីបទល្មើសគ្រឿងញៀន ហើយសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានតាមប្រមាញ់ជនសង័្សយជាយូរមកហើយ។ ប៉ុន្ដែនៅយប់កើតហេតុ ក្រុមជនសង័្សយបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋាន កំពុងឡោមព័ទ្ធជាមួយនឹងវិធានការប្រុងប្រយ័ត្នបំផុត។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងបន្តស្វែងរកបក្ខពួកបស់ពួកគេ នាំមកផ្ដន្ទាទោសតាមច្បាប់៕