ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណី ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាង៉ូវសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ និងរំដោះជនរងគ្រោះម្នាក់។ ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យវៃធ្វើបាប និងដាក់ខ្នោះផងដែរ ដើម្បីជំរិតទារប្រាក់ ប៉ុន្ដែគេមិនទាន់ដឹងថា ចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។
បើតាមសេចក្ដីរាយការណ៍ ក្រៅពីឃាត់ខ្លួនជនសង្ស័យ និងរំដោះជនរងគ្រោះម្នាក់ហើយនោះ សមត្ថកិច្ចក៏ដកហូតបាន ដំបងឆក់ចំនួន២ដើម, ខ្នោះដៃមួយ,ទូរស័ព្ទ១៧
គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕