សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ៥រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំដោយដាក់វិធានការចំនួន ៣ សំខាន់ៗ ទី១: វិធានការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ទី២: ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ទី៣: ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។
ក្រោយការរាយការណ៍ និងពិភាក្សារួចមក
ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវ វិធានការនេះ សម្រាម់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់យកទៅអនុវត្តដូចខាងក្រោម :-ត្រូវចុះពិនិត្យទីតាំភូមិសាស្រ្តតាមផែនទីប្រើប្រាស់ដីឆ្នាំ2002 ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជាពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។
-បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
-ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ពិសេសឲ្យចំគោលដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។ បន្ថែមលើសនេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារដើម្បីដកសិទ្ធិ(ដកប័ណ្ណសមធម៌)ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។
-កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឲ្យមានកម្លាំល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខសញ្ញាមានសកម្មភាពលួច ឆក់ ប្លន់។ល។