ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២០ ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយនូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅក្នុង ឆមាសទី១ ឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦១៩លើក ប្រៀប ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៥៥២លើក ស្មើនឹង២៥% ស្លាប់ថយចុះចំនួន១៧២នាក់ ស្មើនឹង១៧% និងរបួសថយចុះចំនួន៧៧៨នាក់ ស្មើនឹង២៤%។
ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺបន្តយុទ្ធនាការចែកមួកសុវត្ថិ ភាព បំពាក់ផ្លាកសញ្ញាសុវត្ថិភាព បិទចំណាំងផ្លាត ជួសជុលនិងថែទាំផ្លូវ និងគំនិតផ្តួចផ្តើមនានាដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិធានការមួយចំនួនរួមមាន៖ ការបំពាក់ កាមេរ៉ាតាមដងផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកម្រិតកំណត់ដោយច្បាប់និងការរំលោភ ច្បាប់ចរាចរណ៍ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ វិធានការបិទយានដ្ឋានកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេសឱ្យអស់នៅដំណាច់ឆ្នាំនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងរួមចំណែក ដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាង សកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យកយានយន្ត របស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលិស ត្រូវខ្លាច ច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។
ជាមួយគ្នានោះផងដែរ សម្តេចក្រឡាហោម និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អនុគណៈកម្មការសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកទាំងអស់ មន្ត្រីរបស់ក្រសួង និងមន្ត្រីនគរបាលដែលបានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងពេលវេលា ចុះធ្វើយុទ្ធនាការយ៉ាងសកម្ម ប្រើប្រាស់គ្រប់យុទ្ធសាស្ត្រ និងនីតិវិធីសំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តមន្ត្រីទាំងនោះឱ្យបន្តនិងស្វែងរកយុទ្ធនាការថ្មីៗបន្ថែម ទៀត ដើម្បីសម្រេចបាននូវគោលដៅ។
លើសពីនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៍ថា៖ ឆ្នាំ២០២០នេះជាឆ្នាំរឹតបន្តឹងច្បាប់ចរា ចរណ៍ផ្លូវគោក ដូចនេះសូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនជាមួយ រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
សម្តេចក៏បានស្នើឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តទាំងអស់បង្កើនការផ្សព្វ ផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ចរាចរណ៍ និងចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ និងបានផ្ញើសារ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យខិតខំយកអស់ស្មារតីចូលរួម គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌ យោគយល់អធ្យាស្រ័យ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខ និងសុវត្ថិភាព៕