បាត់ដំបង៖ ផ្ទះចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងដំណើរការសាងសង់ ប្រគល់ជូនអតីតយុទ្ធជន និងជាយោធិនពិការ ឈ្មោះ ព្រឿង ព្រឿន ភេទប្រុស អាយុ ៦១ឆ្នាំ ស្ថិតនៅក្នុងភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ដឹកនាំដោយ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានកិត្តិយស(ស.អ.ក)ស្រុក និងអនុសេនីយ៍ឯក ទេស ប៊ុនថេង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក តំណាងលោកប្រធាន(ស.អ.ក)ស្រុក ព្រមទាំង ក្រុមការងារ(ស.អ.ក)ឃុំ និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាធ្វើការសាងសង់ជូនគ្រួសារអតីតយុទ្ធជន នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
សូមរំលឹកជូនផងដែរថា តាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ សមាគមបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន១,៣១៩ខ្នងផ្ទះ ដោយឡែកសម្រាប់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង គិតមកដល់ពេលនេះបានសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន១៩៩ខ្នងផ្ទះ៕