ភ្នំពេញ ៖ ស្ត្រីជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពលជាង៥០ម៉ឺនដុល្លារ។ សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ ជិន លក្ខិណា អាយុ៣៥ឆ្នាំ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល (ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ របាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈបាត់បង់ក្នុងករណីលួចនេះរួមមាន៖១៖ នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានម៉ាម្ភៃប្រាំបីម៉ឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ឺតសិបរៀល)។
២៖ ប្រាក់ដុល្លារ១៦០,២៣៧,ដុល្លានិង ៩២សេន (ដប់ប្រាំម៉ឺនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)។សមត្ថកិច្ចបានបន្តទៀតថា កាលពីថ្ងៃទី២៣ ខែ៣ ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ-១៩ លុះដល់ថ្ងៃទី២៨ ខែ៣ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាលពេលបានសោរហើយ ជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ។សមត្ថកិច្ចបានបញ្ជាក់ថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះ ក៏មកធ្វើការវិញពេលចូលដល់ក្នុងបន្ទប់ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកតែម្ដង៕