យុវជនជិះម៉ូតូបានក្លាយជានិមិត្តរូបមួយ នៅតាមដងផ្លូវនៃតំបន់អាស៊ីអាគ្នេយ៍។ ទស្សនីយភាពរបស់សិស្សសាលាជិះម៉ូតូតូចៗដ៏ស្រស់ស្អាត ធ្វើដំណើរទៅសាលារៀននៅពេលព្រឹក បង្ហាញពីភាពរីកចម្រើនឆ្ពោះទៅរកអនាគតកាន់តែប្រសើរក្នុងតំបន់។ សំឡេងម៉ាស៊ីន និងស៊ីភ្លេរបស់ពួកគេ គឺជាការស្វាគមន៍មួយបន្ថែមលើសំឡេងទ្រហឹងក្នុងអំឡុងម៉ោងមានចរាចរណ៍មមាញឹក។ យុវជនដែលមានចំនួនប្រហែលមួយភាគប្រាំនៃចំនួនប្រជាជន ឥឡូវនេះកំពុងធ្វើដំណើរនៅពាសពេញដងផ្លូវនៅតំបន់អាស៊ីអាគ្នេយ៍។ប៉ុន្តែវាក៏មានន័យថា យុវជនមានឥទ្ធិពលក្នុងការប្រែក្លាយផ្លូវថ្នល់ឲ្យកាន់តែមានសុវត្ថិភាព។
អង្គការមូលនិធិបង្ការរបួស អាស៊ី (AIP Foundation) បាននឹងកំពុងអំពាវនាវឱ្យនិស្សិតសកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និងហ្វីលីពីនឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតផលិតវីដេអូអប់រំផ្សព្វផ្សាយសេវាសាធារណៈ (PSA) ហៅថា Heads Up! ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីសុវត្ថិភាពនៃមួកសុវត្ថិភាពក្នុងចំណោមអ្នកធ្វើដំណើរដោយម៉ូតូ។ វីដេអូដែលជាជ័យលាភី នឹងទទួលបានថវិកាចំនួន ១,០០០ ដុល្លារអាមេរិក និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល។
ការលើកកម្ពស់វប្បធម៌ពាក់មួកសុវត្ថិភាព
ទន្ទឹមនឹងការកើនឡើងនូវចំនួនម៉ូតូនៅលើដងផ្លូវ ក៏មានការកើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ដោយការប៉ះទង្គិចគ្នាអាចកើតឡើងនៅគ្រប់វេលានៅលើដងផ្លូវហាយវេដែលសំបូរទៅដោយម៉ូតូ ការលើកកម្ពស់ការប្រើប្រាស់មួកសុវត្ថិភាពបានក្លាយជាបេសកកម្មដ៏ចាំបាច់មួយរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី AIP។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ហេដ្ឋារចនាសម្ព័ន្ធមិនល្អនៅអាស៊ីអាគ្នេយ៍ និងការគ្រប់គ្រងចរាចរណ៍មិនបានត្រឹមត្រូវ បានឆក់យកជីវិតមនុស្សប្រហែល ៣០០,០០០ នាក់ក្នុងមួយឆ្នាំ។ អង្គការសុខភាពពិភពលោក បានកត់សម្គាល់បន្ថែមទៀតថា ការរងរបួសតាមដងផ្លូវគឺជាមូលហេតុចម្បងនៃការស្លាប់របស់មនុស្សអាយុចន្លោះពី៥ទៅ២៩ឆ្នាំ។ វាជា «ជំងឺរាតត្បាតលាក់មុខ» ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ក្នុងតំបន់អស់ជាច្រើនទសវត្សរ៍មកហើយ ហើយតួលេខនេះត្រូវបានគេមើលឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។