ភ្នំពេញ ៖ នៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ យុវតីម្នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពដើរមកឆក់ទូរស័ព្ទមួយគ្រឿង ម៉ាក IPhone 7Plus បានសម្រេចទាំងកណ្ដាលថ្ងៃ ហើយជនសង្ស័យរត់គេចខ្លួនបាត់ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យុវតីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានវ័យប្រមាណជិត២០ឆ្នាំ ។
យុវតីរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុនាងបានជិះម៉ូតូមួយគ្រឿង ទើបត្រឡប់មកពីទិញសម្ភារ:ចេញពីផ្សារដើមគ ក្នុងគោលដៅត្រឡប់ទៅផ្ទះវិញ ។ លុះដល់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនាងក៏បានឈប់ម៉ូតូនៅចំណុចកើតហេតុ ដើម្បីនិយាយទូរស័ព្ទជាមួយនិងម្តាយ ។ ស្របពេលជាមួយគ្នានោះ ក៏លេចមុខជនសង្ស័យម្នាក់ដើរចេញមកពីម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ប្លុកតំបន់មិនរៀបរយ បានដើរទៅក្បែរយុវតីរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃយុវតីរងគ្រោះ រួចរត់គេចខ្លួនចូលសំបុករបស់ខ្លួនដោយសុវត្ថិភាព ។
យុវតីរងគ្រោះនេះ បានព្យាយាមរត់ដេញតាមជនសង្ស័យដែរ ប៉ុន្តែរត់ដេញមិនទាន់ឡើយម្យ៉ាងនាងខ្លាចបាត់ម៉ូតូផង ក៏ត្រឡប់ទៅរកម៉ូតូវិញ ហើយក៏បានឡើងជិះម៉ូតូទៅប្តឹងសមត្ថកិច្ចចរាចរណ៍ ដែលនៅប្រចាំការនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីសុំកិច្ចអន្តរាគមន៍ទាំងស្ថានភាពភ័យខ្លាច និងកំពុងយំផង ។
បន្ទាប់ពីបង្កអោយមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះអន្តរាគមន៍ និងណែនាំអោយយុវតីរងគ្រោះ រួមទាំងសាច់ញាតិ អោយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ប៉ុន្តែភាគីរងគ្រោះសម្រេចមិនប្តឹងផ្ដល់ហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះតែម្តង ៕