ភ្នំពេញ ៖ ហាងលក់ស៊ុប«ស្មងគោ និងប្រហិតធំ» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។ ប៉ុន្តែភ្លាមៗនោះបុគ្គលិកហាងរួមទាំងក្រុមចុងភៅ និងអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យរួម និងទុយោទឹកទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង ។
ចំណែកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំយករថយន្តពន្លត់អគ្គិភ័យទៅជាមួយផងដែរ ព្រោះព្រួយបារម្ភពីហានិភ័យដែលអាច និងឆេះរាលទៅផ្ទះផ្សេងទៀតតែពេលដែលទៅដល់ភ្លើងបានរលត់ទៅវិញហើយ ។បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដើមចមដែលនាំឲ្យមានការឆាបឆេះនោះ គឺបណ្ដាលមកពីធ្លាយទុយោចង្ក្រានហ្គាសធុងធំនៅកន្លែងចុងភៅផ្នែកខាងមុខហាងនោះតែម្ដង ហើយជាសំណាងល្អ ពុំបានបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ ។ នៅមុនពេលកើតហេតុ ខណៈពេលដែលចុងភៅកំពុងចម្អិនស៊ុប ដើម្បីលក់ជូនអតិថិជនពិសា ស្រាប់តែទុយោក្បាលចង្ក្រានហ្គាសបានធ្លាយ ហើយក៏មានការឆាបឆេះចង្ក្រាន និងសម្ភារៈនៅក្បែរនោះយ៉ាងសន្ធោរសន្ធៅឡើងភ្លាមៗតែម្ដង ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយបុគ្គលិក និងក្រុមចុងភៅដែលបម្រើការងារនៅក្នុងហាងព្រមទាំងម្ចាស់ហាង និងអ្នកជិតខាងបាននាំគ្នាពន្លត់ ។ដោយបានប្រើបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់ និងតទុយោទឹកបាញ់ពន្លត់ ហើយជាសំណាងល្អភាពសកម្មក្នុងការពន្លត់នេះបានធ្វើឲ្យភ្លើងរលត់ទៅវិញទាំងស្រុង ដោយឡែកកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំយករថយន្តពន្លត់អគ្គិភ័យទៅជាមួយផងដែរ ។ ព្រោះព្រួយបារម្ភខ្លាចឆេះរាលដាលទៅដលផ្ទះផ្សេងទៀត ដែលស្ថិតនៅជិតនោះ ប៉ុន្តែពេលដែលទៅដល់ភ្លើងបានរលត់ទៅវិញហើយ ៕