ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ត្រីម្នាក់បានស្លាប់ចោលប្ដីនិងកូនតូចអាយុទើបតែ៥ខែគួរឱ្យអាសូរ បន្ទាប់ពីគាត់ជិះម៉ូតូចេញពីកន្លែងលក់កាហ្វេនៅបុរីសន្តិភាព២ ក្នុងគោលបំណងត្រលប់ទៅផ្ទះនៅចំការដូងត្រូវបានរថយន្តរ៉េងរ៉ូវើរបុកពីក្រោយខ្ទាតទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់ រីឯរថយន្តបង្កបានបើករត់គេចបាត់ស្រមោល ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចខាងជើងវត្តធម្មត្រ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សពស្ត្រីរងគ្រោះមានឈ្មោះសុគន្ធ ធារី អាយុ៣០ឆ្នាំ មុខរបរលក់កាហ្វេនៅបុរីសន្តិភាព២ មានទីលំនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
មុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើជិះម៉ូតូស្គូពីពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AU -6802 ចេញពីកន្លែងលក់កាហ្វេនៅបុរីសន្តិភាព២ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញនៅឯចំការដូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តរ៉េងរ៉ូវើរមួយគ្រឿងមិនចាំស្លាកលេខបើកស្របគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយធ្វើឱ្យស្ត្រីរងគ្រោះខ្ទាតទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបន្ថែមល្បឿនបើកគេចបាត់ស្រមោលទៅ។
សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់ចំណុចកើតហេតុ ដើម្បីពិនិត្យនិងធ្វើ ការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កឱ្យមកដោះស្រាយគ្នាតាមច្បាប់ ។ សពស្ត្រីជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តឫស្សីសាញ់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕