ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋដែលដើររកអាចម៌ប្រចៀវ បានប្រទះឃើញឃើញគ្រោងឆ្អឹងចងស្លាបសេកមួយ ក្នុងល្អាងឈូងស្វាយ ស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល និង បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដែលចុះមក ពិនិត្យស្រាវជ្រាវ កាលពីថ្ងៃទី ២០ ខែកុម្ភៈ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ ក្រសួងព័ត៌មាន ។
សមត្ថកិច្ចស្រុកបាណន់បានឱ្យដឹងថាកាលពីម៉ោង០៩ ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២ ប្រជាពលរដ្ឋពីរនាក់ ម្នាក់មានឈ្មោះ រួម វុធថា ភេទប្រុសអាយុ២៩ឆ្នាំ និង ឈ្មោះ បឿន ណាល់ ភេទប្រុសអាយុ ៣៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិតាង៉ែនឃុំតាក្រោមស្រុកបាណន់ខេត្តបាត់ដំបងបានដើររកអាចម៌ប្រចៀវនៅល្អាងភ្នំឈូងស្វាយក្នុងភូមិរបស់ខ្លួនរស់នៅក៏ប្រទះឃើញគ្រោងឆ្អឹងសាកសពក្នុងល្អាងភ្នំក៏ប្រញាប់ប្រញាល់រត់មករាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន។ក្រោយពីទទួលបានព័ត៌មានកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការ នគបាល ខេត្តបាត់ដំបង សហកាជាមួយ កម្លាំងអធិការ និងនគរបាលប៉ុស្ដិ៍ចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ កាលពីថ្ងៃទី ២០ខែកុម្ភៈឆ្នាំ ២០២២ ។
សមត្ថកិច្ចបញ្ជាក់ថាល្អាងដែលប្រជាពលរដ្ឋទៅរកអាចម៌ប្រចៀវនោះមានជម្រៅប្រហែល២០ម៉ែត្រកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋចុះសួតាមឫសជ្រៃចុះទៅបាតល្អាងពិនិត្យនិងប្រមូលយកឆ្អឹងសាកសពនោះឡើងមកលើ។លោកប៉ាន់វ៉ាន់នីអធិការនគរបាលស្រុកបាណន់បានបញ្ជាក់ថាក្រោយពិនិត្យស្ថានភាពឆ្អឹងសពគឺជាមនុស្សប្រុសវ័យប្រហែល៥០ឆ្នាំមានចំណងចងដៃក្រពាត់ទៅក្រោយដោយខ្សែនីឡុងពណ៌ក្រហម(ចងស្លាបសេក) មាន ពាក់អាវដៃវែងពណ៌ប្រផេះ ខោជើងវែងពណ៌ខ្មៅ ហើយក្នុងហោប៉ៅអាវ មានឃើញ ស្លឹកចៀក មូរថ្នាំជក់របៀបចាស់បូរាណ។លោកបញ្ជាក់ថាឆ្អឹងសពនេះមានសភាពពុកផុយខ្លះទៅហើយតាមការសន្និដ្ឋានសពនេះ ប្រហែលស្លាប់ក្នុងសម័យប៉ុលពត គឺយូរឆ្នាំមកហើយ ដោយលោក ដាក់ការសង្ស័យថា ប្រហែលសព ត្រូវបានពួកខ្មែរក្រហមយកមកសម្លាប់ក្នុងអំឡុងពេលដែលជីកទំនប់កំពីងពួយព្រោះទីតាំងស្លាប់នៅក្បែរគ្នាជាមួយទំនប់កំពីងពួយ លោកអធិការបញ្ជាក់ថា ក្រោយពីពិនិត្យគ្រោងឆ្អឹងរួចសមត្ថកិច្ចជំនាញ បានប្រគល់ឱ្យអាចារ្យ វត្តដំបូកខ្ពស់ ឃុំតាង៉ែន ដើម្បីរៀបចំ វេចចខ្ចប់ក្នុងក្រឡ តាមប្រពៃណី រក្សាទុកនៅទីនោះ រួចរាល់ហើយ ៕