ភ្នំពេញ៖ ទារកម្នាក់ កំពុងតែរស់នៅក្នុងសភាពឈឺចាប់ រ៉ាំរ៉ៃ ជាមួយនឹងជម្ងឺដែលត្រូវភ្លើងឆាបឆេះស្បែកឡើងរលួយ ក្នុងករណីអគ្គិភ័យមួយបណ្តាលមកពីឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង ០២:១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។តាមរយៈ ម្ដាយរបស់ក្មេងស្រីរងគ្រោះឈ្មោះ តាំង លីអាយុ៤១ឆ្នាំ ប្រកបមុខរបរជាអាជីករ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ លឹម មួយណា អាយុ១១ខែ បានរងរបួសធ្ងន់ដោយត្រូវអណ្ដាតភ្លើងឆាបឆេះរាងកាយត្រង់ដៃ និងក្បាលមួយចំហៀង ខណៈខ្លួនជាម្ដាយក៏ត្រូវបានរងរបួសធ្ងន់ដែរ ដោយភ្លាមៗនោះកូនរបស់គាត់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យកុមារជាតិ ហើយគ្រូពេទ្យក៏បានរួសរាន់ជួយសង្គ្រោះជីវិតកូនរបស់គាត់ ប៉ុន្តែមុនពេលព្យបាលគ្រូពេទ្យបានប្រាប់ម្ដាយថា ដាច់ខាតត្រូវតែប្រើប្រាស់ថ្នាំសណ្ដំឲ្យក្មេងជាមុនសិន ទើបអាចលាងរបួសបាន ខណៈរំលងបាន២ ៣ថ្ងៃ ម្ដាយហាក់បីដូចជាមានការបារម្ភចំពោះសុខភាពកូនដែលទើបតែអាយុ១១ខែ ហើយត្រូវប្រើប្រាស់ថ្នាំសណ្ដំទៀតនោះ ក៏បានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យ ដើម្បីរកមន្ទីរពេទ្យថ្មីទៀតព្យាបាលឲ្យកូន។
ក្រោយពីសម្រេចយកកូនចេញពីមន្ទីរពេទ្យកុមារជាតិហើយនោះ អ្នកស្រីក៏បានយកកូនទៅព្យាបាលនៅឯមន្ទីរពេទ្យពហុព្យាបាលអំពៅរហូតមកដល់បច្ចុប្បន្ននេះស្ថានភាពរបួសបានធូរស្រាលបន្តិចហើយ គ្រាន់តែត្រូវការចំនាយថវិការច្រើន។
អ្នកស្រី តាំង លី បានឲ្យដឹងទៀតថា ករណីអគ្គីភ័យបានលេបត្របាក់គាត់ទាំងស្រុងរួមមានឥវ៉ាន់លក់ដូរប្រចាំថ្ងៃ ម៉ូតូ៣គ្រឿង មាសប្រាក់មួយចំនួន រួមទាំងបញ្ជីគេជំពាក់លុយមួយចំនួនផងដែរ សរុបជាទឹកប្រាក់ប្រមាណ៣ ទៅ ៤ម៉ឺនដុល្លារ ដែលជាមូលហេតុចម្បងធ្វើឲ្យមានការខ្វះខាតថវិកាព្យាបាលកូនស្រី មិនតែប៉ុណ្ណោះម្ចាស់ផ្ទះដែលរងគ្រោះជាប់ផ្ទះរបស់គាត់បានដាក់ពាក្យបណ្ដឹងប្ដឹងរូបគាត់ថែមទៀត ដោយចោទថាភ្លើងឆេះចេញពីផ្ទះគាត់ ខណៈគាត់ផ្ទាល់ខ្លួនក៏មិនបានដឹងពីមូលហេតុនៃការឆេះដែរ ដោយជាបឋមអាជ្ញាធរបានសន្និដ្ឋានមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនោះមកពីឆ្លងចរន្តអគ្គិសនី។ជាចុងក្រោយអ្នកស្រី តាំង លី បានលើកម្រាមដៃដប់ឲ្យអ្នកដែលប្ដឹងគាត់សូមមេត្តាដកពាក្យបណ្ដឹងវិញទៅ ព្រោះគាត់ក៏ជាជនរងគ្រោះម្នាក់នៅក្នុងករណីនោះផងដែរ ជាមួយគ្នានេះអ្នកស្រីក៏បានអំពាវនាវឲ្យសប្បុរសជនទាំងអស់មេត្តាជួយបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ដើម្បីទំនុកបម្រុងព្យាបាលកូនស្រីបន្តទៀត ខណៈរូបគាត់ក៏មានរបួសជាប់ខ្លួនដែរ ប៉ុន្តែមិនជាអ្វីទេ ធ្វើយ៉ាងណាគាត់ចង់ឲ្យតែកូនស្រីជាសះស្បើយត្រឡប់មកដូចដើមវិញ ហើយបើប្អូនមានចិត្តចង់ជួយឧបត្ថម្ភនោះសូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 099 814151/ 096 4131519។សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០២:១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មនុស្សចំនួន០៤នាក់ បានរងរបួស ខណៈរបួសធ្ងន់មានចំនួន០២នាក់ របួសស្រាលមានចំនួន០២នាក់ ដូចគ្នា ៕