បាត់ដំបង ៖ នៅ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ១១ នាក់ ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀន នៅទីតាំងខារ៉ាអូខេយីហោ”ហាយក្លាស””HightClass” ស្ថិតនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។បង្ក្រាបករណីនេះ អនុវត្តតាមការណែនាំពីលោកស្នងការនិងស្របតាមការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងការិយាល័យសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតែម្តង ក្នុងបទល្មើសជាក់ស្ដែង នៅចំណុចទីតាំងខារ៉ាអូខេខាងលើ ដែលក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤០ នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរស្រាវជ្រាវ។
កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងបានដូចជា ថ្នាំញៀនប្រភេទកេតាមីន(KETAMINE) ២ ថង់ ទម្ងន់ ១,៤០ ក្រាម(ទាំងសំបក), ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ២ គ្រាប់ និង ២ កំណាត់ទម្ងន់ ០,៨៨ ក្រាម, ប្រាក់ដុល្លារ ២,៤៥០ ដុល្លារ និងប្រាក់រៀលចំនួន ៦,១០០ ,០០០ រៀល(ប្រាំមួយលានដប់ម៉ឺនរៀល)។មានជនសង្ស័យ ១១ នាក់ ស្រី ១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ ដែលសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ៕