ខេត្តឧត្តរមានជ័យ ៖ ក្នុងឱកាសនៃការចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះខាវ៉ាន់ ដែលគេស្គាល់ថា ជាដំរីដ៏ឯកោបំផុតនៅលើលោកក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។ដំរីខាវ៉ាន់ បានមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។
បច្ចុប្បន្ន ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៧ឆ្នាំ ហើយវាត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។ជាងមួយឆ្នាំក្រោយពីបានមកនៅជម្រកថ្មីក្នុងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដំរីខាវ៉ាន់ មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗ បន្ទាប់ពីរស់នៅយ៉ាងឯកោក្នុងសួនសត្វនៅប្រទេសប៉ាគីស្ថាន ជាច្រើនឆ្នាំ។
សូមបញ្ជាក់ថា ដំរីខាវ៉ាន់ត្រូវបានប្រទេសស្រីលង្កា ផ្តល់ជាអំណោយឱ្យប្រទេសប៉ាគីស្ថាន តាំងពីវាមានអាយុ១ ឆ្នាំ និងត្រូវបានរស់នៅក្នុងសួនសត្វតាំងពីតូចមក។ ខាវ៉ាន់ធ្លាប់មានដៃគូ តែជាអកុសល ដំរីញីនោះបានស្លាប់ក្នុងទ្រុងជាមួយ ហើយខាវ៉ាន់ បានបន្តរស់នៅឯកោ រហូតដល់ដល់ឆ្នាំ២០២០ ការតតាំងក្តីមួយបានឈ្នះដែល ដឹកនាំដោយអ្នកចម្រៀងដ៏ល្បីឈ្មោះ CHER និងមានការចូលរួមពីអង្គការអភិរក្សសត្វព្រៃជាច្រើន ក្នុងនោះក៏មានអង្គការដែនជម្រកសត្វព្រៃកម្ពុជា ផងដែរ។ នៅកម្ពុជា ខាវ៉ាន់ មានមិត្តភ័ក្តិជាដំរីញីស្រុកចំនួន៣ក្បាល៕