កណ្តាល ៖ កាលពីយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ ២១A ក្រុងតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទេ តែបានចាក់ភ្លេងរំខាន ដល់អ្នកជិតខាងជាច្រើនលើកច្រើនសារ ដល់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ត្រូវសមត្ថកិច្ច ចុះទៅឲ្យធ្វើកិច្ចសន្យាជាលើកទី ២ ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាង «សន្យា» នេះ គឺតែងតែចាក់ភ្លេង និងច្រើនរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រ ជារៀងរាល់យប់ ដោយមិនខ្វល់ពីការសម្រាក របស់ប្រជាពលរដ្ឋអ្នកជិតខាងឡើយ។ បញ្ហានេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ ជូនសមត្ថកិច្ចជាបន្តបន្ទាប់មកដែរ ហើយក៏បានធ្វើកិច្ចសន្យា តែអ្នកគ្រប់គ្រងហាងមួយនេះ មិនស្តាប់ឡើយ នៅតែផ្គើន ដោយមិនដឹងអាងអំណាចអ្វី នោះទេ។
ប្រភពព័ត៌មានដដែល បានបន្តថា ហាង «សន្យា» មិនត្រឹមតែចាក់ភ្លេងនិងច្រើនរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រជារៀងរាល់យប់ នោះទេ តែអ្នកចូលទៅផឹកស៊ីច្រើនកុះករ មិនបានគោរពវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឡើយ ខណៈកម្ពុជាកំពុងព្រួយបារម្ភជាខ្លាំងបញ្ហាកូវីដ-១៩ បម្លែងថ្មី ប្រភេទអូមីក្រុង ដោយ ហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាល ឡើយ ពោលគឺ មិនរៀបចំឲ្យមានការរក្សាគម្លាត និងមិនតម្រូវឲ្យបង្ហាញកាតចាក់វ៉ាក់សាំង ថែមទៀតផង។
ជុំវិញបញ្ហានេះ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» នៅយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០ ២២ ក៏បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាថា មិនចាក់ភ្លេងឮខ្លាំង រំខានដល់អ្នកជិតខាងទៀត នោះទេ៕