ភ្នំពេញ ៖ ករណីផ្ទុះអាវុធនៅចំណុចហាងមួយកន្លែង បង្កការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង ដកកាំភ្លើងមកបាញ់សំដៅជនរងគ្រោះមួយគ្រាប់ ព្រោះតែទំនាស់ពាក្យសម្តី ក្រោយភាគីរងគ្រោះទៅសួរថា ហេតុអីបានជាទៅវាយគេដែលកំពុងអង្គុយផឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុច តាមបណ្ដោយផ្លូវបេតុង មួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនខាងលើ ត្រូវជាប្អូនរបស់គាត់ ត្រូវបានគេវាយ គាត់ជាបង ក៏ជិះម៉ូតូមកយ៉ាងលឿន ដើម្បីសួរនាំ ពេលជិះមកដល់ ក៏បានជួបជាមួយខ្មាន់កាំភ្លើង និងបានសួរថា ថីបានវាយប្អូនរបស់គាត់ តែបែរជាឈ្លោះប្រកែកគ្នា រហូតឈានដល់ការផ្ទុះហិង្សារទៅវិញទៅមក ហើយខ្មាន់កាំភ្លើងនោះ ក៏យកកាំភ្លើងពីក្នុងកាបូបមកបាញ់សំដៅជនរងគ្រោះ ១គ្រាប់ តែសំណាងល្អណាស់ ដែលជនរងគ្រោះគេចទាន់ រួចខ្មាន់កាំភ្លើងនោះក៏រត់គេចខ្លួនបាត់ សល់តែម៉ូតូប៉ុណ្ណោះ ។ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ធ្វើការសាកសួរនាំទៅលើជនរងគ្រោះ និងបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចងាយស្រួលក្នុងការស្វែងរកជនសង្ស័យជាអ្នកបាញ់បោះខាងលើ យកមកចាត់ការតាមច្បាប់បន្តទៀត ៕