ភ្នំពេញ ៖ បុរសម្នាក់ជាកូនបានរៀបរាប់ទាំងអួលដើមកថា ព្រោះតែក្រពះ ណាគ្រួសារក៏ក្រីក្រ ខ្វះខាត ឪពុករបស់គាត់បាននាំប្រពន្ធកូន និងបងប្អូន មកធ្វើសំណង់ឲ្យគេ គ្រាន់បានលុយខ្វះសម្រាប់ផ្គត់ផ្គង់ជីវភាព អកុសល កំពុងតែធ្វើការឪពុកបានឃើញ ទុស្សេខ្សែភ្លើងក៏យកដៃទៅដកព្រីភ្លើង បែរជាឆក់ឪពុកគាត់រហូតស្លាប់ ពេលនោះ ប្អូនរបស់ឪពុកបានឃើញក៏រត់ទៅជួយបែរជាឆក់ទាំងប្អូនទៀតបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅនៅចំណុចផ្ទះវីឡាកំពុងសាងសង់មួយកន្លែងដែលស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថាសពជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ឃីម ឃី ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ សព្វថ្ងៃស្នាក់នៅទីតាំងកើតហេតុខាងលើ បើតាមប្រភពព័ត៌មានបានបន្ដឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាបង កំពុងធ្វើការលាយកំបោស៊ីម៉ង់នៅជាន់ទី១ ដើម្បីឲ្យគេរៀបឥដ្ឋ ពេលនោះក៏មានក៏ទុស្សេចរន្តអគ្គិសនីនៅព្រីភ្លើង ហុយផ្សែង គាត់ក៏បានយកដៃទៅដកព្រីភ្លើងនោះចេញ ស្រាប់តែឆក់ស្លាប់តែម្តង ជនរងគ្រោះជាប្អូន ឃើញបងឆក់ខ្សែភ្លើង ក៏រត់ទៅជួយបង តែអកុសលក៏ឆក់ទាំងប្អូនទៀត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យ សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន (មិនពាក់ព័ន្ធករណីឃាតកម្មឡើយ) ហើយក្រុមគ្រួសារសាច់ញាតិក៏មិនបានប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សព ឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕